9 វានឹងតាំងគ្រឿងបុកទំលាយកំផែង ហើយនឹងរំលំប៉មរបស់ឯង ដោយប្រដាប់របស់វា
10 សេះយ៉ាងសន្ធឹករបស់គេនឹងធ្វើឲ្យធូលីហុយឡើងគ្របលើឯង កំផែងរបស់ឯងនឹងញ័រ ដោយសូរសន្ធឹកនៃពលសេះ រទេះ និងយន្តចំបាំងទាំងប៉ុន្មានរបស់គេ ក្នុងកាលដែលគេចូលទៅតាមទ្វារក្រុងរបស់ឯង ដូចជាចូលទៅក្នុងទីក្រុងណា ដែលគេបានរំលំកំផែងហើយ
11 អស់ទាំងផ្លូវរបស់ឯងនឹងត្រូវប៉ន់ទៅ ដោយក្រចកសេះរបស់គេ គេនឹងសំឡាប់ជនជាតិឯងដោយដាវ ឯអស់ទាំងបង្គោលថ្មនៃកំឡាំងឯង នឹងត្រូវរំលំដល់ដី
12 គេនឹងរឹបជាន់យកទ្រព្យសម្បត្តិរបស់ឯង ហើយជញ្ជែងយកទំនិញទាំងប៉ុន្មានផង គេនឹងបំបែករំលំកំផែង ហើយបំផ្លាញអស់ទាំងផ្ទះ ជាទីរីករាយរបស់ឯង គេនឹងចាក់អស់ទាំងថ្ម និងឈើ ហើយធូលីដីរបស់ឯងទៅក្នុងទឹក
13 អញនឹងធ្វើឲ្យបាត់ឮសូរចំរៀងរបស់ឯង ហើយនឹងឥតមានឮសូរស៊ុងនៅក្នុងឯងទៀតឡើយ
14 អញនឹងធ្វើឲ្យឯងទៅជាថ្មដារលីង ឯងនឹងបានជាកន្លែងសំរាប់ហាលអួន និងគ្មានអ្នកណាសង់ឡើងវិញ នៅជាដរាបតទៅ ដ្បិតគឺអញនេះ ជាព្រះយេហូវ៉ា បានចេញវាចាហើយ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
15 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដល់ក្រុងទីរ៉ុសដូច្នេះថា ពិតប្រាកដជាអស់ទាំងកោះនឹងញ័ររន្ធត់ ដោយឮសូរឯងដួល និងដំងូរនៃមនុស្សដែលត្រូវរបួស ក្នុងកាលដែលសំរេចការសំឡេះយ៉ាងធំនៅកណ្តាលឯង