1 ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំម្តងទៀតថា
2 ឯឯង កូនមនុស្សអើយ ចូរផ្តើមទួញទំនួញពីក្រុងទីរ៉ុស
3 ត្រូវឲ្យប្រាប់ដល់ក្រុងទីរ៉ុសថា ម្នាលឯងដែលនៅត្រង់ទ្វារសមុទ្រ ជាអ្នកជំនួញសំរាប់ជនជាតិនៅកោះជាច្រើនអើយ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ទីរ៉ុសអើយ ឯងបានពោលថា អញមានលំអគ្រប់លក្ខណ៍ហើយ
4 ព្រំដែនរបស់ឯងនៅកណ្តាលសមុទ្រ ពួកអ្នកដែលបានសង់ឯង គេបានធ្វើឲ្យឯងមានលំអពេញខ្នាតហើយ
5 អស់ទាំងក្តារឯងសុទ្ធតែជាឈើកកោះពីស្រុកសេនារ គេបានយកដើមតាត្រៅពីព្រៃល្បាណូនមក ធ្វើជាដងក្តោងសំរាប់ឯង
6 អស់ទាំងដងចែវរបស់ឯងបានធ្វើពីឈើម៉ៃសាក់ ស្រុកបាសាន គេបានធ្វើជើងម៉ាឯង ពីឈើគ្រញូង ពីកោះគីទីម ប្រដាប់ដោយភ្លុក
7 ស្លាបក្តោងឯងធ្វើពីសំពត់ខ្លូតទេសយ៉ាងម៉ដ្តចំរុះដោយប៉ាក់មកពីស្រុកអេស៊ីព្ទ ដើម្បីនឹងទុកជាទង់ជ័យដល់ឯង ហើយមានសំពត់ពណ៌ខៀវ និងពណ៌ស្វាយ ពីកោះអេលីសា ធ្វើជាពិតាន
8 ពួកអ្នកនៅក្រុងស៊ីដូន និងអើវ៉ាឌ ជាអ្នកចែវរបស់ឯង ឱទីរ៉ុសអើយ ពួកអ្នកប្រាជ្ញនៅក្នុងឯង គេជាមេដំរង់សំពៅ
9 ពួកអ្នកចាស់ៗ និងពួកអ្នកប្រាជ្ញពីក្រុងកេបាលក៏នៅក្នុងឯង ទុកជាអ្នកពរជ័រ ឯអស់ទាំងនាវានៅសមុទ្រ និងពួកជើងឈ្នួល ក៏នៅក្នុងឯង ដើម្បីលក់ដូរទំនិញរបស់ឯង
10 មានសាសន៍ពើស៊ី សាសន៍លូឌ និងសាសន៍ពូតនៅក្នុងកងទ័ពរបស់ឯង គឺជាពួកថ្នឹកច្បាំងរបស់ឯង គេបានពាក់ព្យួរខែល ហើយនឹងមួកសឹកនៅក្នុងឯង ក៏នាំឲ្យសេចក្ដីលំអរបស់ឯងបានកាន់តែរុងរឿងឡើង
11 ពួកក្រុងអើវ៉ាឌ ព្រមទាំងពួកកងទ័ពរបស់ឯង ជាអ្នកការពារនៅលើកំផែងជុំវិញ ហើយមានមនុស្សក្លៀវក្លានៅក្នុងប៉មទាំងប៉ុន្មានរបស់ឯង គេបានពាក់ព្យួរអស់ទាំងខែលរបស់គេនៅជញ្ជាំងជុំវិញ ពួកនោះបានធ្វើឲ្យសេចក្ដីលំអរបស់ឯងបានពេញខ្នាត។
12 ពួកស្រុកតើស៊ីស ជាអ្នកលក់ដូរនឹងឯង ដោយព្រោះឯងមានទ្រព្យសម្បត្តិគ្រប់មុខជាបរិបូរ គេដូរប្រាក់ដែក ស៊ីវិឡាត និងសំណឲ្យបានទំនិញពីឯង
13 ពួកយ៉ាវ៉ាន ពួកទូបាល ហើយពួកមែសេកជាអ្នកលក់ដូរនឹងឯង គេដូរខ្លួនមនុស្ស ព្រមទាំងគ្រឿងប្រដាប់លង្ហិនឲ្យបានទំនិញរបស់ឯង
14 ឯពួកវង្សតូកាម៉ា គេដូរសេះជិះ សេះចំបាំង និងលាកាត់ឲ្យបានទំនិញរបស់ឯង
15 ពួកស្រុកដេដាន់ជាអ្នកជំនួញនឹងឯង ដៃឯងបានលក់ដូរនៅកោះជាច្រើន ហើយគេបានដឹកភ្លុក និងឈើគ្រញូងមកឲ្យឯងវិញ
16 ស្រុកស៊ីរីក៏ជាអ្នកលក់ដូរនឹងឯងដែរ ដោយព្រោះស្នាដៃដ៏បរិបូររបស់ឯង គេបានដូរកែវមរកត សំពត់ពណ៌ស្វាយ សំពត់ប៉ាក់ សំពត់ទេសឯកយ៉ាងម៉ដ្ត ផ្កាថ្ម និងត្បូងទទឹមឲ្យបានទំនិញរបស់ឯង
17 ស្រុកយូដា និងអ៊ីស្រាអែល គេជាអ្នកលក់ដូរនឹងឯង គេយកស្រូវសាលីពីស្រុកមីនីត បង្អែម ទឹកឃ្មុំ និងប្រេង ហើយប្រទាលមុខសះមកដូរនឹងទំនិញរបស់ឯង
18 ពួកដាម៉ាសក៏ជួញប្រែនឹងឯងឲ្យបានស្នាដៃដ៏បរិបូររបស់ឯង ដោយព្រោះឯងមានទ្រព្យសម្បត្តិគ្រប់មុខយ៉ាងសន្ធឹក គេដូរដោយស្រាទំពាំងបាយជូរពីស្រុកហេលបូន និងរោមចៀមស
19 ពួកវេដាន់ និងយ៉ាវ៉ាន គេបានដូរអំបោះឲ្យបានទំនិញឯង មានទាំងដែកថែប កំញាន និងឫសកន្ធាយ នៅក្នុងទំនិញរបស់ឯង
20 ស្រុកដេដាន់ធ្វើជំនួញនឹងឯង ដោយសំពត់មានដំឡៃសំរាប់ជិះសេះ
21 ស្រុកអារ៉ាប់ ហើយពួកចៅហ្វាយនៅស្រុកកេដារទាំងប៉ុន្មាន ជាអ្នកលក់ដូរនឹងឯង គេលក់កូនចៀម ចៀមឈ្មោល និងពពែដល់ឯង
22 ពួកឈ្នួញពីស្រុកសេបា ហើយពីស្រុករ៉ាម៉ា ជាអ្នកជួញប្រែនឹងឯង គេបានយកគ្រឿងម្ហូបយ៉ាងវិសេស ថ្មមានដំឡៃគ្រប់មុខ និងមាសដូរនឹងទំនិញរបស់ឯង
23 ស្រុកខារ៉ាន ស្រុកកាននេ និងស្រុកអេដែន ព្រមទាំងពួកឈ្នួញនៃស្រុកសេបា អាសស៊ើរ និងគីលម៉ាឌ ជាអ្នកធ្វើជំនួញនឹងឯង
24 ពួកទាំងនេះបានយកទំនិញយ៉ាងល្អ វេចដោយសំពត់ពណ៌ខៀវហើយប៉ាក់ និងសំលៀកបំពាក់មានដំឡៃដាក់ចុះក្នុងហឹបធ្វើពីឈើតាត្រៅ ហើយចងដោយខ្សែ មកលក់ដូរនឹងឯង
25 អស់ទាំងនាវាស្រុកតើស៊ីសជាពួកដឹកទំនិញឯង ឯងបានចំរើនជាពោរពេញឡើង ហើយបានថ្កុំថ្កើងយ៉ាងក្រៃលែងនៅកណ្តាលសមុទ្រនោះ។
26 ពួកអ្នកចែវរបស់ឯង គេបាននាំឯងទៅក្នុងទឹកធំ ខ្យល់ពីទិសខាងកើតបានធ្វើឲ្យឯងបែកធ្លាយ នៅកណ្តាលសមុទ្រ
27 អស់ទាំងទ្រព្យសម្បត្តិ និងរបស់លក់ដូរ ហើយទំនិញរបស់ឯង ព្រមទាំងពួកជើងឈ្នួល ពួកនាយសំពៅ ពួកបិទពរ និងពួកអ្នកលក់ដូរទំនិញរបស់ឯង ហើយពួកទាហានដែលនៅក្នុងឯង និងបណ្តាជនទាំងប៉ុន្មានដែលនៅកណ្តាលឯង គេនឹងត្រូវលិចលង់នៅផ្ទៃសមុទ្រ ក្នុងថ្ងៃដែលឯងត្រូវអន្តរាយនោះ
28 កាលណាសូរសំរែកនៃពួកនាយរបស់ឯងបានឮឡើង នោះតំបន់នៅជុំវិញនឹងញ័ររន្ធត់ដែរ
29 ហើយពួកអ្នកចែវទាំងប៉ុន្មាន ពួកជើងឈ្នួល និងពួកនាយសំពៅតាមផ្លូវសមុទ្រ គេនឹងឡើងពីនាវារបស់គេមកឈរនៅលើច្រាំង
30 គេនឹងបន្លឺសំឡេងឡើងឲ្យឮគ្របលើឯង គេនឹងយំខ្សឹកខ្សួល ព្រមទាំងបាចធូលីដីទៅលើក្បាល ហើយដេកននៀលនៅក្នុងផែះ
31 គេនឹងកោរសក់ដោយព្រោះឯង ព្រមទាំងស្លៀកពាក់ធ្មៃ ហើយយំស្តាយឯង ដោយចិត្តជូរចត់ ហើយដោយទំនួញយ៉ាងខ្សឹកខ្សួល
32 កាលគេកំពុងតែទ្រហោយំ នោះគេនឹងចាប់ផ្តើមទួញទំនួញដោយព្រោះឯង គេនឹងទួញថា តើមានអ្នកណាដូចជាទីរ៉ុស ដែលត្រូវបំផ្លាញនៅកណ្តាលសមុទ្រដូច្នេះ
33 កាលទំនិញឯងបានចេញទៅតាមផ្លូវសមុទ្រ នោះឯងបានចំអែតដល់សាសន៍ជាច្រើន ឯងបានធ្វើឲ្យពួកស្តេចនៅផែនដីមានជាច្រើនឡើង ដោយសារទ្រព្យសម្បត្តិ និងទំនិញដ៏បរិបូររបស់ឯង
34 នៅគ្រាដែលឯងត្រូវសមុទ្របំបែកទំលាយនៅទីជំរៅទឹក នោះទំនិញឯង ហើយពួកឯងទាំងប៉ុន្មានបានធ្លាក់ទៅនៅកណ្តាលឯងផង
35 អស់ពួកអ្នកនៅកោះទាំងប៉ុន្មានមានសេចក្ដីអស្ចារ្យពីដំណើរឯង ហើយពួកស្តេចគេបានភ័យខ្លាចជាខ្លាំង ក៏មានមុខស្រងូត
36 ពួកអ្នកជំនួញនៅអស់ទាំងសាសន៍ គេធ្វើស៊ីសស៊ូសឲ្យឯង ឯងបានត្រឡប់ជាទីស្ញែងខ្លាច ហើយនឹងលែងមានជាដរាបតទៅ។