1 ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំម្តងទៀតថា
2 កូនមនុស្សអើយ ចូរប្រាប់ដល់ម្ចាស់ដ៏ធំនៃក្រុងទីរ៉ុសថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ដោយព្រោះឯងកើតមានចិត្តធំ ហើយបានពោលថា អញជាព្រះ អញអង្គុយលើបល្ល័ង្ករបស់ព្រះនៅកណ្តាលសមុទ្រ ប៉ុន្តែឯងជាមនុស្សទេ មិនមែនជាព្រះឡើយ ទោះបើឯងបានតាំងចិត្តដូចជាព្រះហឫទ័យព្រះក៏ដោយ
3 មើល ឯងមានប្រាជ្ញាលើសជាងដានីយ៉ែលទៅទៀត គ្មានការសំងាត់ណា ដែលលាក់កំបាំងនឹងឯងសោះ
4 ឯងបានប្រមូលទ្រព្យសម្បត្តិ ហើយបានមាសប្រាក់ដាក់ក្នុងឃ្លាំង ដោយប្រាជ្ញា និងយោបល់របស់ឯង
5 ឯងបានចំរើនទ្រព្យសម្បត្តិដោយសារប្រាជ្ញាដ៏ជ្រាលជ្រៅរបស់ឯង និងការជំនួញផង ហើយចិត្តឯងបានស្ទួយឡើង ដោយព្រោះទ្រព្យសម្បត្តិរបស់ឯង
6 ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ដោយព្រោះឯងបានតាំងចិត្ត ឲ្យបានដូចជាព្រះហឫទ័យនៃព្រះ