2 កូនមនុស្សអើយ ចូរតាំងមុខឯងទាស់នឹងផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ហើយទាយទាស់នឹងវា ព្រមទាំងស្រុកអេស៊ីព្ទទាំងមូលផង ថា
3 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ នែ ផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ជាសត្វសំបើមដែលដេកនៅកណ្តាលទន្លេរបស់ខ្លួនអើយ អញទាស់នឹងឯង ដ្បិតឯងថា ទន្លេនេះជារបស់ផងអញ អញបានបង្កើតសំរាប់តែខ្លួនអញទេ
4 អញនឹងដាក់ទំពក់នៅក្នុងមាត់ឯង ហើយនឹងឲ្យត្រីនៅទន្លេឯង មកភ្ជាប់ខ្លួននៅនឹងស្រកាឯង ក៏នឹងនាំឯងឡើងចេញពីកណ្តាលទន្លេឯងនោះ ដោយទាំងត្រីទាំងប៉ុន្មានដែលនៅទន្លេឯងជាប់នឹងស្រកាឯងមកផង
5 អញនឹងបោះឯងចោលក្នុងទីរហោស្ថាន គឺទាំងខ្លួនឯង និងត្រីទាំងអស់នៅទន្លេឯងផង ឯងនឹងធ្លាក់ទៅនៅទីវាលទទេ ឥតដែលបានប្រមូលផ្តុំគ្នាទៀតឡើយ អញបានឲ្យឯងទៅជាអាហារដល់អស់ទាំងសត្វនៅដី និងសត្វហើរលើអាកាស
6 នោះពួកសាសន៍អេស៊ីព្ទទាំងអស់នឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត ពីព្រោះគេជាឈើច្រត់ធ្វើពីបបុស ដល់ពួកវង្សអ៊ីស្រាអែល
7 កាលពួកអ៊ីស្រាអែល បានចាប់យកកាន់ នោះឯងក៏បាក់បែកទៅ ហើយចាក់ហែកស្មាគេអស់រលីង កាលគេច្រត់ពឹងមកលើឯង នោះឯងបានចាក់ទៅធ្វើឲ្យថ្លស់ចង្កេះគេ។
8 ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញនឹងនាំដាវមកលើឯង ហើយនឹងកាត់ទាំងមនុស្ស និងសត្វចេញពីឯង