4 នឹងមានដាវមកលើស្រុកអេស៊ីព្ទ ហើយសេចក្ដីតក់ស្លុតនៅក្នុងស្រុកអេធីយ៉ូពី គឺក្នុងកាលដែលមនុស្សត្រូវរបួសដួលនៅក្នុងស្រុកអេស៊ីព្ទ គេនឹងដឹកនាំពួកជនទាំងឡាយរបស់វាចេញទៅ ហើយឫសវានឹងត្រូវបំផ្លាញបង់
5 ពួកសាសន៍អេធីយ៉ូពី សាសន៍ពូត សាសន៍លូឌ និងអស់ទាំងសាសន៍លាយឡំគ្នា ព្រមទាំងពួកគូបពួកកូនចៅនៃស្រុកដែលជាមេត្រីមិត្រ គេនឹងដួលដោយដាវទៅជាមួយគ្នា។
6 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ឯពួកអ្នកដែលទប់ទល់ស្រុកអេស៊ីព្ទ គេនឹងដួលដែរ ហើយទាំងសេចក្ដីឆ្មើងឆ្មៃនៃអំណាចវា នឹងត្រូវបន្ទាបចុះផង គេនឹងដួលដោយដាវ នៅក្នុងស្រុកនោះ ចាប់តាំងពីប៉មស៊ីយេន រហូតទៅ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា
7 ហើយគេនឹងត្រូវស្ងាត់ច្រៀប នៅកណ្តាលស្រុកទាំងប៉ុន្មាន ដែលត្រូវចោលស្ងាត់ អស់ទាំងទីក្រុងរបស់ស្រុកនោះ នឹងនៅក្នុងពួកទីក្រុងទាំងប៉ុន្មានដែលត្រូវខូចបង់ដែរ
8 ដូច្នេះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត គឺក្នុងកាលដែលអញបានបង្កាត់ភ្លើងនៅក្នុងស្រុកអេស៊ីព្ទ ហើយអស់អ្នកជំនួយរបស់វាបានត្រូវបំផ្លាញទៅ
9 នៅថ្ងៃនោះ ពួកទូតនឹងចេញពីចំពោះអញ ជិះនាវាទៅបំភ័យដល់ពួកសាសន៍អេធីយ៉ូពី ដែលនៅដោយឥតកង្វល់ នោះនឹងមានសេចក្ដីតក់ស្លុតគ្របលើគេ ដូចជានៅថ្ងៃរបស់ស្រុកអេស៊ីព្ទដែរ ដ្បិតមើលន៏ ថ្ងៃនោះមកហើយ។
10 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា អញនឹងធ្វើឲ្យពួកជនទាំងឡាយនៃស្រុកអេស៊ីព្ទផុតទៅ ដោយសារដៃនៃនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន