25 នោះអញនឹងប្រោះទឹកស្អាតទៅលើឯងរាល់គ្នា ដូច្នេះ ឯងនឹងបានស្អាត អញនឹងជំរះឯងរាល់គ្នាឲ្យស្អាត ពីគ្រប់ទាំងសេចក្ដីស្មោកគ្រោក ហើយពីអស់ទាំងរូបព្រះរបស់ឯងផង
26 អញនឹងឲ្យឯងមានចិត្តថ្មី ហើយនឹងដាក់វិញ្ញាណថ្មីនៅក្នុងឯងដែរ អញនឹងដកចិត្តដែលរឹងដូចថ្ម ពីរូបសាច់ឯងចេញ រួចនឹងឲ្យមានចិត្តជាសាច់វិញ
27 អញនឹងដាក់វិញ្ញាណរបស់អញនៅក្នុងឯងរាល់គ្នា ហើយបណ្តាលឲ្យឯងរាល់គ្នាដើរតាមក្រឹត្យក្រម ហើយរក្សាបញ្ញត្តច្បាប់របស់អញ ព្រមទាំងប្រព្រឹត្តតាមផង
28 នោះឯងរាល់គ្នានឹងអាស្រ័យនៅក្នុងស្រុក ដែលអញបានឲ្យដល់ពួកអយ្យកោឯង ឯងរាល់គ្នានឹងធ្វើជារាស្ត្ររបស់អញ ហើយអញនឹងបានជាព្រះដល់ឯង
29 អញនឹងជួយសង្គ្រោះឯងរាល់គ្នាឲ្យរួចពីអស់ទាំងសេចក្ដីសៅហ្មងរបស់ឯង អញនឹងបង្គាប់ដល់ស្រូវ ឲ្យបានចំរើនឡើងជាបរិបូរ ឥតធ្វើឲ្យកើតមានអំណត់ទៀតឡើយ
30 ក៏នឹងចំរើនផ្លែឈើ និងផលចំការឡើងដែរ ដើម្បីមិនឲ្យឯងរាល់គ្នាត្រូវពាក្យដំនៀលរបស់សាសន៍ដទៃ ដោយព្រោះអំណត់អត់នោះតទៅ
31 នោះឯងរាល់គ្នានឹងនឹកចាំពីកិរិយាអាក្រក់របស់ឯង ហើយពីអំពើដែលឯងរាល់គ្នាប្រព្រឹត្តមិនល្អផង ដូច្នេះ ឯងរាល់គ្នានឹងមើលខ្លួនដោយខ្ពើមឆ្អើម ដោយព្រោះអំពើទុច្ចរិត និងអំពើគួរស្អប់ខ្ពើមរបស់ឯង។