27 អញនឹងដាក់វិញ្ញាណរបស់អញនៅក្នុងឯងរាល់គ្នា ហើយបណ្តាលឲ្យឯងរាល់គ្នាដើរតាមក្រឹត្យក្រម ហើយរក្សាបញ្ញត្តច្បាប់របស់អញ ព្រមទាំងប្រព្រឹត្តតាមផង
28 នោះឯងរាល់គ្នានឹងអាស្រ័យនៅក្នុងស្រុក ដែលអញបានឲ្យដល់ពួកអយ្យកោឯង ឯងរាល់គ្នានឹងធ្វើជារាស្ត្ររបស់អញ ហើយអញនឹងបានជាព្រះដល់ឯង
29 អញនឹងជួយសង្គ្រោះឯងរាល់គ្នាឲ្យរួចពីអស់ទាំងសេចក្ដីសៅហ្មងរបស់ឯង អញនឹងបង្គាប់ដល់ស្រូវ ឲ្យបានចំរើនឡើងជាបរិបូរ ឥតធ្វើឲ្យកើតមានអំណត់ទៀតឡើយ
30 ក៏នឹងចំរើនផ្លែឈើ និងផលចំការឡើងដែរ ដើម្បីមិនឲ្យឯងរាល់គ្នាត្រូវពាក្យដំនៀលរបស់សាសន៍ដទៃ ដោយព្រោះអំណត់អត់នោះតទៅ
31 នោះឯងរាល់គ្នានឹងនឹកចាំពីកិរិយាអាក្រក់របស់ឯង ហើយពីអំពើដែលឯងរាល់គ្នាប្រព្រឹត្តមិនល្អផង ដូច្នេះ ឯងរាល់គ្នានឹងមើលខ្លួនដោយខ្ពើមឆ្អើម ដោយព្រោះអំពើទុច្ចរិត និងអំពើគួរស្អប់ខ្ពើមរបស់ឯង។
32 ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលថា ត្រូវឲ្យឯងរាល់គ្នាដឹងថា មិនមែនដោយយល់ដល់ឯងរាល់គ្នាដែលអញធ្វើដូច្នេះទេ ឱពួកវង្សអ៊ីស្រាអែលអើយ ចូរឲ្យមានសេចក្ដីខ្មាស ហើយជ្រប់មុខ ដោយព្រោះកិរិយារបស់ឯងចុះ
33 ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះថា នៅថ្ងៃដែលអញជំរះឯងរាល់គ្នា ឲ្យស្អាតពីអស់ទាំងអំពើទុច្ចរិតរបស់ឯងចេញ នោះអញនឹងឲ្យអស់ទាំងទីក្រុងរបស់ឯង មានមនុស្សអាស្រ័យនៅវិញ ហើយឲ្យអស់ទាំងទីខូចបង់បានសង់ឡើង