អេសេគាល 36:4-10 KHOV

4 ដូច្នេះ ឱ​ភ្នំ​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា​ចុះ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ដល់​អស់​ទាំង​ភ្នំ​ធំ​តូច ផ្លូវ​ទឹក និង​ច្រក​ភ្នំ ព្រម​ទាំង​ទី​ខូច​បង់ និង​ទី​ក្រុង​ដែល​គេ​ចោល​ស្ងាត់​ជា​ទី​ដែល​បាន​ត្រឡប់​ជា​រំពា ហើយ​ជា​ទី​ឡក‌ឡឺយ​ដល់​សំណល់​នៃ​អស់​ទាំង​សាសន៍​ដែល​នៅ​ព័ទ្ធ​ជុំវិញ

5 គឺ​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឯ​សំណល់​នៃ​អស់​ទាំង​សាសន៍ ព្រម​ទាំង​ស្រុក​អេដំម​ទាំង​មូល ដែល​បាន​ដំរូវ​ស្រុក​អញ​ទុក​ជា​របស់​ផង​គេ ដោយ​សេចក្ដី​អំណរ​អស់​ពី​ចិត្ត ទាំង​មាន​ចិត្ត​មើល‌ងាយ​ផង ដើម្បី​នឹង​បោះ‌បង់​ចោល​ចេញ​ទុក​ជា​រំពា នោះ​ពិត​ប្រាកដ​ជា​អញ​បាន​តប​នឹង​គេ​ដោយ​ភ្លើង​នៃ​សេចក្ដី​ប្រចណ្ឌ​របស់​អញ

6 ដូច្នេះ ចូរ​ទាយ​ពី​ដំណើរ​ស្រុក​អ៊ីស្រា‌អែល ហើយ​ប្រាប់​ដល់​អស់​ទាំង​ភ្នំ​ធំ​តូច ផ្លូវ​ទឹក និង​ច្រក​ភ្នំ​ទាំង​ប៉ុន្មាន​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល អញ​បាន​និយាយ ដោយ​សេចក្ដី​ប្រចណ្ឌ និង​សេចក្ដី​ក្រោធ​របស់​អញ ហើយ​ដោយ​ព្រោះ​ឯង​រាល់​គ្នា​បាន​រង​ទ្រាំ​សេចក្ដី​ខ្មាស​របស់​សាសន៍​ដទៃ

7 ហេតុ​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​បាន​ស្បថ​ហើយ​ថា ពិត​ប្រាកដ​ជា​សាសន៍​ទាំង​ប៉ុន្មាន​ដែល​នៅ​ព័ទ្ធ​ជុំវិញ​ឯង គេ​នឹង​ត្រូវ​រង់​ទ្រាំ​សេចក្ដី​ខ្មាស​របស់​ខ្លួន​គេ​វិញ។

8 តែ​ចំណែក​ឯង ឱ​ភ្នំ​អ៊ីស្រា‌អែល​អើយ ឯង​រាល់​គ្នា​នឹង​បែក​មែក ហើយ​បង្កើត​ផល​របស់​ឯង ឲ្យ​អ៊ីស្រា‌អែល​ជា​រាស្ត្រ​អញ ពី​ព្រោះ​គេ​រៀប​នឹង​មក​ហើយ

9 ដ្បិត​មើល អញ​កាន់​ខាង​ឯង ហើយ​អញ​នឹង​វិល​មក​ឯ​ឯង​វិញ នោះ​នឹង​មាន​គេ​ភ្ជួរ‌រាស់​ហើយ​សាប‌ព្រោះ​ឯង​ឡើង

10 អញ​នឹង​ឲ្យ​មនុស្ស​ចំរើន​ឡើង​នៅ​ក្នុង​ឯង គឺ​ជា​ពួក​វង្ស​អ៊ីស្រា‌អែល​ទាំង​មូល ដូច្នេះ​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ឯង​នឹង​មាន​មនុស្ស​នៅ ហើយ​អស់​ទាំង​ទី​ខូច​បង់​នឹង​បាន​សង់​ឡើង​វិញ