អេសេគាល 36:9-15 KHOV

9 ដ្បិត​មើល អញ​កាន់​ខាង​ឯង ហើយ​អញ​នឹង​វិល​មក​ឯ​ឯង​វិញ នោះ​នឹង​មាន​គេ​ភ្ជួរ‌រាស់​ហើយ​សាប‌ព្រោះ​ឯង​ឡើង

10 អញ​នឹង​ឲ្យ​មនុស្ស​ចំរើន​ឡើង​នៅ​ក្នុង​ឯង គឺ​ជា​ពួក​វង្ស​អ៊ីស្រា‌អែល​ទាំង​មូល ដូច្នេះ​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ឯង​នឹង​មាន​មនុស្ស​នៅ ហើយ​អស់​ទាំង​ទី​ខូច​បង់​នឹង​បាន​សង់​ឡើង​វិញ

11 អញ​នឹង​ធ្វើ​ឲ្យ​ទាំង​មនុស្ស និង​សត្វ​ផង បាន​ចំរើន​ឡើង​នៅ​ក្នុង​ឯង គេ​នឹង​ចំរើន​ឡើង ហើយ​សាយ‌គ្រាយ​ចេញ​ទៅ នោះ​អញ​នឹង​ឲ្យ​មាន​មនុស្ស​អាស្រ័យ​នៅ​ក្នុង​ឯង​ដូច​យ៉ាង​ពី​ដើម ហើយ​ប្រព្រឹត្ត​នឹង​ឯង​ដោយ​ល្អ​ជាង​ជាន់​ដើម​ទៅ​ទៀត នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត

12 អើ អញ​នឹង​ឲ្យ​មាន​មនុស្ស​ដើរ​លើ​ឯង គឺ​អ៊ីស្រា‌អែល​ជា​រាស្ត្រ​របស់​អញ គេ​នឹង​បាន​ឯង​ជា​របស់​ផង​គេ ហើយ​ឯង​នឹង​បាន​ជា​មរដក​ដល់​គេ នោះ​ឯង​នឹង​មិន​ធ្វើ​ឲ្យ​គេ​ព្រាត់‌ប្រាស​កូន​ទៀត​ឡើយ

13 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​គេ​និយាយ​ពី​ឯង​ថា ឯង​ជា​ស្រុក​ដែល​លេប​មនុស្ស​បាត់ ហើយ​បំរាស​កូន​របស់​សាសន៍​ឯង

14 ដូច្នេះ ឯង​នឹង​លែង​លេប​មនុស្ស​បាត់​ត​ទៅ ក៏​មិន​បំរាស​កូន​របស់​សាសន៍​ឯង​ទៀត​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា

15 អញ​ក៏​មិន​ឲ្យ​ឯង​ឮ​ពាក្យ​ត្មះ‌តិះដៀល​របស់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ទៀត​ដែរ ឯង​មិន​ត្រូវ​រង​ទ្រាំ​សេចក្ដី​ប្រមាថ​មើល‌ងាយ​របស់​គេ​ត​ទៅ ឯង​នឹង​មិន​ធ្វើ​ជា​ហេតុ ឲ្យ​សាសន៍​របស់​ឯង ចំពប់​ដួល​ទៀត​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។