1 ព្រះហស្តនៃព្រះយេហូវ៉ា បានសណ្ឋិតលើខ្ញុំ ហើយទ្រង់ក៏នាំយកខ្ញុំ ដោយព្រះវិញ្ញាណនៃព្រះយេហូវ៉ាទៅដាក់ចុះនៅកណ្តាលច្រកភ្នំ១ ដែលពេញដោយឆ្អឹងខ្មោច
2 ទ្រង់ឲ្យខ្ញុំដើរក្បែរឆ្អឹងទាំងនោះនៅព័ទ្ធជុំវិញ ខ្ញុំក៏ឃើញថា នៅវាលច្រកនោះ មានឆ្អឹងយ៉ាងសន្ធឹក ហើយថា ស្ងួតហែងណាស់ផង
3 រួចទ្រង់មានព្រះបន្ទូលសួរខ្ញុំថា កូនមនុស្សអើយ តើឆ្អឹងទាំងនេះនឹងរស់ឡើងបានឬ ខ្ញុំក៏ទូលឆ្លើយ ឱព្រះអម្ចាស់យេហូវ៉ាអើយ ទ្រង់ជ្រាបហើយ
4 ទ្រង់មានព្រះបន្ទូលមកខ្ញុំទៀតថា ចូរទាយពីដំណើរឆ្អឹងទាំងនេះ ហើយប្រាប់ថា ឱឆ្អឹងស្ងួតហែងទាំងឡាយអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ
5 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដល់ឆ្អឹងទាំងនេះដូច្នេះថា មើល អញនឹងឲ្យមានខ្យល់ដង្ហើមចូលក្នុងឯងរាល់គ្នា ហើយឯងនឹងមានជីវិតឡើង
6 អញនឹងដាក់ឲ្យមានសរសៃ ហើយធ្វើឲ្យមានសាច់ដុះលើឯងរាល់គ្នា រួចនឹងគ្របរុំដោយស្បែក ព្រមទាំងបញ្ចូលខ្យល់ដង្ហើមទៅក្នុងឯងរាល់គ្នាផង នោះឯងរាល់គ្នានឹងមានជីវិតឡើង ដូច្នេះ ឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។
7 ដូច្នេះ ខ្ញុំក៏ទាយដូចជាទ្រង់បង្គាប់មក ហើយកំពុងដែលខ្ញុំទាយ នោះមានឮសូរក្រិកៗ ហើយមើល ឆ្អឹងទាំងនោះបានកំរើក ក៏ផ្គុំជាប់គ្នា ឆ្អឹង១ភ្ជាប់ត្រង់កន្លែងរបស់ខ្លួន