16 កូនមនុស្សអើយ ចូរយកបន្ទះឈើ១មកសរសេរចុះថា សំរាប់ពួកយូដា និងពួកកូនចៅអ៊ីស្រាអែល ជាភឿនមិត្ររបស់គេ រួចយកបន្ទះឈើ១ទៀតសរសេរថា សំរាប់ពួកយ៉ូសែប ជាឈើរបស់ពួកអេប្រាអិម និងពួកវង្សអ៊ីស្រាអែលជាភឿនមិត្ររបស់គេ
17 រួចភ្ជាប់គ្នាទាំង២នោះ ធ្វើជាបន្ទះតែ១ ដើម្បីឲ្យបានជាប់ជាមួយគ្នានៅដៃឯង
18 កាលណាពួកកូនចៅសាសន៍ឯងនឹងសួរដល់ឯងថា សូមប្រាប់ឲ្យយើងដឹងជាឈើទាំង២នេះមានន័យដូចម្តេច
19 នោះត្រូវឲ្យប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះមើល អញនឹងយកបន្ទះឈើរបស់ពួកយ៉ូសែប ដែលនៅដៃអេប្រាអិម និងពូជអំបូរអ៊ីស្រាអែលទាំងប៉ុន្មាន ដែលជាភឿនមិត្ររបស់គេ ដាក់ភ្ជាប់ជាមួយនឹងបន្ទះឈើ១នោះដែលជារបស់ពួកយូដា ឲ្យបានជាប់ជាបន្ទះតែ១វិញ រួចវានឹងបានជាប់តែ១នៅក្នុងដៃអញ
20 ឈើទាំង២ដែលឯងបានសរសេរចុះនោះ នឹងបាននៅក្នុងដៃឯងចំពោះភ្នែកគេ
21 ចូរប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ មើល អញនឹងយកពួកកូនចៅអ៊ីស្រាអែល ចេញពីអស់ទាំងសាសន៍ដែលគេបានទៅនោះ ហើយប្រមូលមកពីគ្រប់ទិស នាំចូលទៅក្នុងស្រុករបស់ផងខ្លួន
22 អញនឹងធ្វើឲ្យគេរួមគ្នាជានគរតែ១នៅក្នុងស្រុកនោះ គឺនៅលើអស់ទាំងភ្នំនៃស្រុកអ៊ីស្រាអែល នោះនឹងមានស្តេចតែ១អង្គធ្វើជាស្តេចលើគេគ្រប់គ្នា គេនឹងលែងធ្វើជានគរ២តទៅ ឥតដែលបែកទៅជានគរ២ទៀតឡើយ