អេសេគាល 37:19-25 KHOV

19 នោះ​ត្រូវ​ឲ្យ​ប្រាប់​គេ​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​មើល អញ​នឹង​យក​បន្ទះ​ឈើ​របស់​ពួក​យ៉ូសែប ដែល​នៅ​ដៃ​អេប្រា‌អិម និង​ពូជ​អំបូរ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ដែល​ជា​ភឿន‌មិត្រ​របស់​គេ ដាក់​ភ្ជាប់​ជា​មួយ​នឹង​បន្ទះ​ឈើ​១​នោះ​ដែល​ជា​របស់​ពួក​យូដា ឲ្យ​បាន​ជាប់​ជា​បន្ទះ​តែ​១​វិញ រួច​វា​នឹង​បាន​ជាប់​តែ​១​នៅ​ក្នុង​ដៃ​អញ

20 ឈើ​ទាំង​២​ដែល​ឯង​បាន​សរសេរ​ចុះ​នោះ នឹង​បាន​នៅ​ក្នុង​ដៃ​ឯង​ចំពោះ​ភ្នែក​គេ

21 ចូរ​ប្រាប់​គេ​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល អញ​នឹង​យក​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ចេញ​ពី​អស់​ទាំង​សាសន៍​ដែល​គេ​បាន​ទៅ​នោះ ហើយ​ប្រមូល​មក​ពី​គ្រប់​ទិស នាំ​ចូល​ទៅ​ក្នុង​ស្រុក​របស់​ផង​ខ្លួន

22 អញ​នឹង​ធ្វើ​ឲ្យ​គេ​រួម​គ្នា​ជា​នគរ​តែ​១​នៅ​ក្នុង​ស្រុក​នោះ គឺ​នៅ​លើ​អស់​ទាំង​ភ្នំ​នៃ​ស្រុក​អ៊ីស្រា‌អែល នោះ​នឹង​មាន​ស្តេច​តែ​១​អង្គ​ធ្វើ​ជា​ស្តេច​លើ​គេ​គ្រប់​គ្នា គេ​នឹង​លែង​ធ្វើ​ជា​នគរ​២​ត​ទៅ ឥត​ដែល​បែក​ទៅ​ជា​នគរ​២​ទៀត​ឡើយ

23 ក៏​មិន​ធ្វើ​ឲ្យ​ខ្លួន​ស្មោក‌គ្រោក​ដោយ​គោរព​ដល់​រូប​ព្រះ ឬ​ដោយ​របស់​គួរ​ស្អប់​ខ្ពើម ឬ​ដោយ​អំពើ​រំលង​របស់​ខ្លួន​ទៀត​ដែរ អញ​នឹង​ជួយ​សង្គ្រោះ​គេ ឲ្យ​រួច​ពី​គ្រប់​ទាំង​ទី​អាស្រ័យ​នៅ​របស់​គេ ជា​កន្លែង​ដែល​គេ​បាន​ធ្វើ​បាប​នោះ ហើយ​អញ​នឹង​ជំរះ​គេ​ឲ្យ​ស្អាត​វិញ យ៉ាង​នោះ គេ​នឹង​បាន​ជា​រាស្ត្រ​របស់​អញ ហើយ​អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ។

24 នោះ​ដាវីឌ ជា​អ្នក​បំរើ​របស់​អញ នឹង​ធ្វើ​ជា​ស្តេច​លើ​គេ ហើយ​គេ​ទាំង​អស់​គ្នា​នឹង​មាន​អ្នក​គង្វាល​តែ​១ គេ​នឹង​ដើរ​តាម​ក្រឹត្យ‌ក្រម​របស់​អញ ហើយ​រក្សា​បញ្ញត្ត​ច្បាប់​ទាំង​ប៉ុន្មាន​របស់​អញ ព្រម​ទាំង​ប្រព្រឹត្ត​តាម​ផង

25 គេ​នឹង​អាស្រ័យ​នៅ​ក្នុង​ស្រុក​ដែល​អញ​បាន​ឲ្យ​ដល់​យ៉ាកុប ជា​អ្នក​បំរើ​អញ ជា​ស្រុក​ដែល​ពួក​អយ្យកោ​របស់​ឯង​រាល់​គ្នា​បាន​អាស្រ័យ​នៅ​ដែរ នោះ​ទាំង​ខ្លួន​គេ និង​កូន​ចៅ​របស់​គេ នឹង​នៅ​ជាប់​ក្នុង​ស្រុក​នោះ​ជា​ដរាប​ត​ទៅ ហើយ​ដាវីឌ​ជា​អ្នក​បំរើ​អញ នឹង​ធ្វើ​ជា​ចៅ‌ហ្វាយ​លើ​គេ ជា​រៀង‌រាប​ដរាប​ត​ទៅ