7 ដូច្នេះ ខ្ញុំក៏ទាយដូចជាទ្រង់បង្គាប់មក ហើយកំពុងដែលខ្ញុំទាយ នោះមានឮសូរក្រិកៗ ហើយមើល ឆ្អឹងទាំងនោះបានកំរើក ក៏ផ្គុំជាប់គ្នា ឆ្អឹង១ភ្ជាប់ត្រង់កន្លែងរបស់ខ្លួន
8 កាលខ្ញុំកំពុងតែមើល នោះឃើញមានសរសៃនឹងសាច់កើតឡើងនៅឆ្អឹងទាំងនោះ រួចមានស្បែករុំគ្របទៀត តែឥតមានខ្យល់ដង្ហើមនៅក្នុងវាទេ
9 នោះទ្រង់មានព្រះបន្ទូលមកខ្ញុំថា ចូរទាយ ហើយប្រាប់ដល់ខ្យល់ ឱកូនមនុស្សអើយ ចូរទាយចុះ ត្រូវប្រាប់ដល់ខ្យល់ថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ឱខ្យល់ដង្ហើម ចូរមកពីខ្យល់ទាំង៤ទិស ផ្លុំលើខ្មោចស្លាប់ទាំងនេះ ឲ្យមានជីវិតរស់ឡើង
10 ដូច្នេះ ខ្ញុំក៏ទាយដូចជាទ្រង់បង្គាប់មក រួចខ្យល់ដង្ហើមក៏ចូលទៅក្នុងសពទាំងនោះ ហើយវាក៏រស់ឡើង បានទាំងឈរឡើងជាកងទ័ពយ៉ាងធំក្រៃលែង។
11 រួចទ្រង់មានព្រះបន្ទូលមកខ្ញុំថា កូនមនុស្សអើយ ឆ្អឹងទាំងនេះជាពួកវង្សអ៊ីស្រាអែលទាំងមូល មើល គេនិយាយថា ឆ្អឹងយើងរាល់គ្នាស្ងួតហែងហើយ ទីសង្ឃឹមរបស់យើងក៏បាត់អស់ទៅ យើងរាល់គ្នាត្រូវកាត់ចេញស្រឡះផង
12 ដូច្នេះ ចូរទាយប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ម្នាលរាស្ត្រអញអើយ អញនឹងបើកផ្នូរខ្មោចរបស់ឯងរាល់គ្នា ហើយនឹងធ្វើឲ្យឯងរាល់គ្នាឡើងចេញពីផ្នូរមក រួចនឹងនាំឯងឲ្យចូលទៅក្នុងស្រុកអ៊ីស្រាអែលវិញ
13 ឱរាស្ត្រអញអើយ ឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលអញបើកផ្នូររបស់ឯង ឲ្យឯងបានឡើងចេញពីនោះមក