អេសេគាល 38:16-22 KHOV

16 ឯង​នឹង​ឡើង​មក​ទាស់​នឹង​អ៊ីស្រា‌អែល ជា​រាស្ត្រ​អញ ដូច​ជា​ពពក​ដែល​គ្រប​ស្រុក គឺ​នៅ​ជាន់​ក្រោយ​បង្អស់ អញ​នឹង​នាំ​ឯង​មក​ទាស់​នឹង​ស្រុក​អញ ដើម្បី​ឲ្យ​អស់​ទាំង​សាសន៍​បាន​ស្គាល់​អញ ឱ​កុក​អើយ គឺ​ក្នុង​កាល​ដែល​អញ​បាន​តាំង​ជា​បរិសុទ្ធ នៅ​ក្នុង​ឯង​ចំពោះ​ភ្នែក​គេ។

17 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា តើ​ឯង​ឬ​អី ដែល​អញ​បាន​និយាយ​កាល​ពី​ដើម ដោយ‌សារ​ពួក​អ្នក​បំរើ​អញ គឺ​ជា​ពួក​ហោរា​នៃ​សាសន៍​អ៊ីស្រា‌អែល​នៅ​ជាន់​នោះ​ដែល​បាន​ទាយ ជា​យូរ​ឆ្នាំ​មក ដោយ​ថា អញ​នឹង​នាំ​ឯង​មក​ទាស់​នឹង​គេ​នោះ

18 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​គ្រា​នោះ​កាល​ណា​កុក​បាន​មក​ទាស់​នឹង​ស្រុក​អ៊ីស្រា‌អែល នោះ​សេចក្ដី​ក្រោធ​របស់​អញ​នឹង​ឆួល​ឡើង​នៅ​ច្រមុះ​អញ

19 ដ្បិត​គឺ​ដោយ​សេចក្ដី​ប្រចណ្ឌ​របស់​អញ និង​ភ្លើង​នៃ​សេចក្ដី​ក្រោធ​របស់​អញ ដែល​អញ​បាន​ថា ពិត​ប្រាកដ​ជា​នៅ​ថ្ងៃ​នោះ នឹង​មាន​ការ​កក្រើក​រំពើក​ជា​ខ្លាំង នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល

20 ដល់​ម៉្លេះ​បាន​ជា​ទាំង​ត្រី​សមុទ្រ និង​សត្វ​ហើរ​លើ​អាកាស សត្វ​ព្រៃ និង​សត្វ​លូន​វារ​នៅ​ដី ហើយ​គ្រប់​ទាំង​មនុស្ស​នៅ​ផែនដី​នឹង​ញាប់‌ញ័រ​នៅ​ចំពោះ​អញ ឯ​ភ្នំ​ទាំង​ប៉ុន្មាន​នឹង​រលំ​ចុះ ចំរែះ​ភ្នំ​នឹង​បាក់​ធ្លាក់​មក ហើយ​អស់​ទាំង​កំផែង​នឹង​ដួល​ដល់​ដី

21 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​ហៅ​ដល់​អស់​ទាំង​ភ្នំ​របស់​អញ​ឲ្យ​មាន​ដាវ​មក​ទាស់​នឹង​វា នោះ​ដាវ​របស់​មនុស្ស​ទាំង‌ឡាយ នឹង​បាន​ទាស់​នឹង​បង​ប្អូន​ខ្លួន

22 អញ​នឹង​សំរេច​ទោស​ដល់​វា ដោយ​អាសន្ន‌រោគ និង​ឈាម អញ​នឹង​បង្អុរ​ភ្លៀង​រំលា ព្រម​ទាំង​ព្រិល​យ៉ាង​ធំ និង​ភ្លើង ហើយ​ស្ពាន់‌ធ័រ​មក​លើ​វា និង​ពួក​កក‌កុញ​របស់​វា ហើយ​លើ​បណ្តា​សាសន៍​ជា​ច្រើន ដែល​មក​ជា​មួយ​ផង