10 ឥតត្រូវការរើសរំកាច់ឈើនៅទីវាល ឬកាប់ឱសនៅក្នុងព្រៃឡើយ ដ្បិតគេនឹងប្រើគ្រឿងទាំងនោះសំរាប់ដុតវិញ ហើយគេនឹងរឹបជាន់ពួកអ្នកដែលបានរឹបជាន់ខ្លួន ព្រមទាំងប្លន់ពួកអ្នកដែលបានប្លន់ខ្លួនដែរ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
11 គ្រានោះ អញនឹងឲ្យកន្លែង១ដល់ពួកកុក សំរាប់ជាទីកប់ខ្មោចនៅក្នុងស្រុកអ៊ីស្រាអែល គឺជាច្រកភ្នំដែលមនុស្សដើរកាត់ទៅខាងកើតសមុទ្រ ច្រកនោះនឹងបិទខ្ទប់ពួកអ្នកដើរកាត់ ហើយនៅទីនោះគេនឹងកប់សាកសពនៃកុក និងពួកកកកុញរបស់វា គេនឹងហៅច្រកភ្នំនោះថា ហាមុន-កុក
12 ពួកវង្សអ៊ីស្រាអែល នឹងកប់ខ្មោចអ្នកទាំងនោះអស់៧ខែ ទើបបានហើយ ដើម្បីនឹងសំអាតស្រុក
13 អើ មនុស្សទាំងអស់នៅស្រុកនោះនឹងធ្វើការកប់សពគេ ហើយការនោះនឹងបានជាល្បីដល់គេ ក្នុងថ្ងៃដែលអញបានដំកើងឡើង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា
14 គេនឹងដំរូវទុកមនុស្ស១ពួក ដែលត្រូវធ្វើការនោះជានិច្ច ឲ្យបានដើរចុះឡើងក្នុងស្រុក ជាមួយនឹងពួកអ្នកដែលដើរដំណើរទៅមក ដើម្បីនឹងកប់សពដែលសល់នៅលើដីប្រយោជន៍នឹងសំអាតស្រុកទៅ ក្រោយ៧ខែ នោះគេនឹងដើរពិនិត្យមើល
15 រួចពួកអ្នកដែលដើរចុះឡើង គេនឹងដើរទៅមកមើល បើឃើញឆ្អឹងខ្មោចមនុស្សណា នោះគេនឹងតាំងទីសំគាល់១នៅជិតខាង ទាល់តែពួកកប់ខ្មោចបានមកកប់ចោល នៅក្នុងច្រកភ្នំហាមុន-កុកទាំងអស់ទៅ
16 ហើយទីក្រុង១នឹងមានឈ្មោះហៅថា ហាម៉ូណា គឺយ៉ាងនោះដែលគេនឹងសំអាតស្រុក។