អេសេគាល 39:13-19 KHOV

13 អើ មនុស្ស​ទាំង​អស់​នៅ​ស្រុក​នោះ​នឹង​ធ្វើ​ការ​កប់​សព​គេ ហើយ​ការ​នោះ​នឹង​បាន​ជា​ល្បី​ដល់​គេ ក្នុង​ថ្ងៃ​ដែល​អញ​បាន​ដំកើង​ឡើង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា

14 គេ​នឹង​ដំរូវ​ទុក​មនុស្ស​១​ពួក ដែល​ត្រូវ​ធ្វើ​ការ​នោះ​ជានិច្ច ឲ្យ​បាន​ដើរ​ចុះ​ឡើង​ក្នុង​ស្រុក ជា​មួយ​នឹង​ពួក​អ្នក​ដែល​ដើរ​ដំណើរ​ទៅ​មក ដើម្បី​នឹង​កប់​សព​ដែល​សល់​នៅ​លើ​ដី​ប្រយោជន៍​នឹង​សំអាត​ស្រុក​ទៅ ក្រោយ​៧​ខែ នោះ​គេ​នឹង​ដើរ​ពិនិត្យ​មើល

15 រួច​ពួក​អ្នក​ដែល​ដើរ​ចុះ​ឡើង គេ​នឹង​ដើរ​ទៅ​មក​មើល បើ​ឃើញ​ឆ្អឹង​ខ្មោច​មនុស្ស​ណា នោះ​គេ​នឹង​តាំង​ទី​សំគាល់​១​នៅ​ជិត​ខាង ទាល់​តែ​ពួក​កប់​ខ្មោច​បាន​មក​កប់​ចោល នៅ​ក្នុង​ច្រក​ភ្នំ​ហាមុន-កុក​ទាំង​អស់​ទៅ

16 ហើយ​ទី​ក្រុង​១​នឹង​មាន​ឈ្មោះ​ហៅ​ថា ហាម៉ូណា គឺ​យ៉ាង​នោះ​ដែល​គេ​នឹង​សំអាត​ស្រុក។

17 ឯ​ឯង កូន​មនុស្ស​អើយ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ចូរ​ប្រាប់​ដល់​សត្វ​ស្លាប​គ្រប់​យ៉ាង និង​ដល់​អស់​ទាំង​សត្វ​ព្រៃ​នៅ​ផែនដី​ថា ចូរ​មូល​គ្នា​មក ចូរ​ប្រជុំ​គ្នា​ពី​គ្រប់​ទិស មក​ឯ​យញ្ញ‌បូជា​របស់​អញ ដែល​អញ​ធ្វើ​សំរាប់​ឯង​រាល់​គ្នា ជា​យញ្ញ‌បូជា​យ៉ាង​ធំ នៅ​លើ​អស់​ទាំង​ភ្នំ​ស្រុក​អ៊ីស្រា‌អែល ដើម្បី​ឲ្យ​ឯង​បាន​ស៊ី​សាច់ ហើយ​ផឹក​ឈាម

18 ឯង​រាល់​គ្នា​នឹង​ស៊ី​សាច់​របស់​មនុស្ស​ខ្លាំង​ពូកែ ហើយ​ផឹក​ឈាម​របស់​ពួក​ចៅ‌ហ្វាយ​នៅ​ផែនដី ទាំង​ចៀម​ឈ្មោល កូន​ចៀម ពពែ និង​គោ​ផង សុទ្ធ​តែ​ជា​សត្វ​បំប៉ន​ពី​ស្រុក​បាសាន

19 ឯង​រាល់​គ្នា​នឹង​ស៊ី​ខ្លាញ់​ទាល់​តែ​ឆ្អែត ហើយ​ផឹក​ឈាម ទាល់​តែ​ស្រវឹង ដោយ‌សារ​យញ្ញ‌បូជា ដែល​អញ​ធ្វើ​សំរាប់​ឯង