16 ហើយទីក្រុង១នឹងមានឈ្មោះហៅថា ហាម៉ូណា គឺយ៉ាងនោះដែលគេនឹងសំអាតស្រុក។
17 ឯឯង កូនមនុស្សអើយ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ចូរប្រាប់ដល់សត្វស្លាបគ្រប់យ៉ាង និងដល់អស់ទាំងសត្វព្រៃនៅផែនដីថា ចូរមូលគ្នាមក ចូរប្រជុំគ្នាពីគ្រប់ទិស មកឯយញ្ញបូជារបស់អញ ដែលអញធ្វើសំរាប់ឯងរាល់គ្នា ជាយញ្ញបូជាយ៉ាងធំ នៅលើអស់ទាំងភ្នំស្រុកអ៊ីស្រាអែល ដើម្បីឲ្យឯងបានស៊ីសាច់ ហើយផឹកឈាម
18 ឯងរាល់គ្នានឹងស៊ីសាច់របស់មនុស្សខ្លាំងពូកែ ហើយផឹកឈាមរបស់ពួកចៅហ្វាយនៅផែនដី ទាំងចៀមឈ្មោល កូនចៀម ពពែ និងគោផង សុទ្ធតែជាសត្វបំប៉នពីស្រុកបាសាន
19 ឯងរាល់គ្នានឹងស៊ីខ្លាញ់ទាល់តែឆ្អែត ហើយផឹកឈាម ទាល់តែស្រវឹង ដោយសារយញ្ញបូជា ដែលអញធ្វើសំរាប់ឯង
20 នៅតុអញ ឯងរាល់គ្នានឹងបានឆ្អែតដោយសាច់សេះ ពួករទេះចំបាំង ពួកមនុស្សខ្លាំងពូកែ និងពួកទាហានទាំងប៉ុន្មានដែរ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
21 អញនឹងតាំងសិរីល្អរបស់អញ នៅកណ្តាលអស់ទាំងសាសន៍ ហើយអស់ទាំងសាសន៍នឹងឃើញសេចក្ដីយុត្តិធម៌របស់អញ ដែលបានសំរេចនោះ និងដៃអញដែលបានដាក់លើគេ
22 យ៉ាងនោះពួកវង្សអ៊ីស្រាអែលនឹងដឹងថា អញនេះជាព្រះយេហូវ៉ា គឺជាព្រះនៃគេ តាំងតែពីថ្ងៃនោះតទៅ