4 ឯងនឹងដួលនៅលើអស់ទាំងភ្នំរបស់ស្រុកអ៊ីស្រាអែល គឺទាំងឯង និងពួកកកកុញរបស់ឯង ហើយសាសន៍ទាំងប៉ុន្មានដែលនៅជាមួយផង អញនឹងប្រគល់ឯងដល់សត្វហើរផ្សេងៗដែលស៊ីគំរង់ ហើយដល់សត្វព្រៃឲ្យវាស៊ីទៅ
5 ឯងនឹងដួលនៅទីវាលទទេ ដ្បិតអញបានចេញវាចាហើយ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា
6 អញនឹងចាត់ភ្លើងទៅលើស្រុកម៉ាកុក ហើយលើពួកអ្នកដែលអាស្រ័យនៅ ដោយសុខសាន្តនៅកោះទាំងឡាយ នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត
7 អញនឹងឲ្យមនុស្សស្គាល់ឈ្មោះដ៏បរិសុទ្ធរបស់អញ នៅកណ្តាលពួកអ៊ីស្រាអែលជារាស្ត្រអញ ក៏មិនឲ្យឈ្មោះបរិសុទ្ធរបស់អញត្រូវបង្អាប់ទៀត ដូច្នេះ អស់ទាំងសាសន៍នឹងដឹងថា អញជាព្រះយេហូវ៉ា គឺជាព្រះដ៏បរិសុទ្ធនៅក្នុងពួកអ៊ីស្រាអែល
8 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល ការនោះកំពុងតែមក ហើយនឹងបានសំរេចជាពិត នេះហើយជាថ្ងៃដែលអញបានប្រាប់នោះ
9 ឯពួកអ្នកដែលនៅអស់ទាំងទីក្រុងនៃស្រុកអ៊ីស្រាអែល គេនឹងចេញទៅប្រមូលគ្រឿងសស្ត្រាវុធដុតចោល គឺទាំងខែលតូច ខែលធំ ទាំងធ្នូ និងព្រួញ ដែកពួយ និងលំពែងផង គេនឹងដុតគ្រឿងទាំងនោះអស់៧ឆ្នាំ
10 ឥតត្រូវការរើសរំកាច់ឈើនៅទីវាល ឬកាប់ឱសនៅក្នុងព្រៃឡើយ ដ្បិតគេនឹងប្រើគ្រឿងទាំងនោះសំរាប់ដុតវិញ ហើយគេនឹងរឹបជាន់ពួកអ្នកដែលបានរឹបជាន់ខ្លួន ព្រមទាំងប្លន់ពួកអ្នកដែលបានប្លន់ខ្លួនដែរ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។