អេសេគាល 4:13-17 KHOV

13 ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ថា ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នឹង​ស៊ី​នំបុ័ង​ស្មោក‌គ្រោក​របស់​គេ​យ៉ាង​ដូច្នោះ នៅ​កណ្តាល​អស់​ទាំង​សាសន៍​ដែល​អញ​បណ្តេញ​គេ​ទៅ

14 ខ្ញុំ​ក៏​ប្រកែក​ថា ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ មើល ព្រលឹង​ទូល‌បង្គំ​មិន​ដែល​ត្រូវ​ស្មោក‌គ្រោក​ឡើយ ចាប់​តាំង​ពី​ក្មេង ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ទូល‌បង្គំ​មិន​ដែល​ទទួល​ទាន​អ្វី​ដែល​ស្លាប់​ឯង ឬ​ដែល​ត្រូវ​សត្វ​ណា​ហែក‌ហួរ​ឡើយ ក៏​មិន​ដែល​មាន​សាច់​គួរ​ខ្ពើម​ចូល​ក្នុង​មាត់​ទូល‌បង្គំ​ដែរ

15 នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា មើល អញ​ឲ្យ​ឯង​ប្រើ​អាចម៍​គោ ជំនួស​លាមក​របស់​មនុស្ស​វិញ ឯង​នឹង​ចំអិន​នំបុ័ង​ឯង ដោយ​ដុត​អាចម៍​គោ​នោះ​បាន

16 ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ទៀត​ថា កូន​មនុស្ស​អើយ អញ​នឹង​ផ្តាច់​ស្បៀង​ចេញ​ពី​ក្រុង​យេរូ‌សាឡិម គេ​នឹង​ស៊ី​នំបុ័ង​ដោយ​ថ្លឹង​ហើយ​បារម្ភ​ព្រួយ ក៏​នឹង​ផឹក​ទឹក​ដោយ​វាល់ ហើយ​ភ្លាំង‌ភ្លឹក​ដែរ

17 ដើម្បី​ឲ្យ​គេ​ខ្វះ​នំបុ័ង និង​ទឹក ព្រម​ទាំង​មាន​សេចក្ដី​ភ្លាំង‌ភ្លឹក​ជា​មួយ​គ្នា ហើយ​រោយ‌រៀវ​ទៅ​ក្នុង​អំពើ​ទុច្ចរិត​របស់​គេ។