អេសេគាល 41:1-7 KHOV

1 រួច​លោក​នាំ​ខ្ញុំ​ទៅ​ឯ​ព្រះ‌វិហារ ក៏​វាស់​សសរ​បាន​ទទឹង​៦​ហត្ថ​ខាង​នេះ ហើយ​៦​ហត្ថ​ខាង​នោះ ដែល​ស្មើ​នឹង​ទទឹង​រោង​ឧបោសថ

2 ហើយ​ផ្លូវ​ចូល នោះ​ទទឹង​១០​ហត្ថ ឯ​ផ្ទាំង​ទ្វារ​ម្ខាង នោះ​៥​ហត្ថ ហើយ​ម្ខាង​ទៀត​ក៏​៥​ហត្ថ ឯ​បណ្តោយ​ព្រះ‌វិហារ លោក​វាស់​បាន​៤០​ហត្ថ​ហើយ​ទទឹង​២០​ហត្ថ

3 រួច​លោក​ក៏​ចូល​ទៅ​ខាង​ក្នុង វាស់​ក្រប​ទ្វារ​ទាំង​សង​ខាង​បាន​២​ហត្ថ ផ្លូវ​ចូល​ក៏​៦​ហត្ថ ឯ​ទទឹង​ទ្វារ នោះ​បាន​៧​ហត្ថ

4 លោក​វាស់​បណ្តោយ​ទី​នោះ​បាន​២០​ហត្ថ ហើយ​ទទឹង​បាន​២០​ហត្ថ នៅ​ខាង​មុខ​ព្រះ‌វិហារ រួច​លោក​ប្រាប់​មក​ខ្ញុំ​ថា ទី​នេះ​ជា​ទី​បរិសុទ្ធ​បំផុត។

5 រួច​មក​លោក​វាស់​ជញ្ជាំង​នៃ​ព្រះ‌វិហារ មាន​៦​ហត្ថ​ហើយ​ទទឹង​គ្រប់​ទាំង​បន្ទប់ នៅ​ខាង​ជុំវិញ​ព្រះ‌វិហារ នោះ​បាន​៤​ហត្ថ​គ្រប់​ទាំង​អស់

6 បន្ទប់​ទាំង​នោះ​មាន​៣​ជាន់ គឺ​បន្ទប់​១​នៅ​លើ​១​ទៀត ទាំង​អស់​មាន​៣០​បន្ទប់ ក៏​ត​ជាប់​ពី​ជញ្ជាំង​ព្រះ‌វិហារ សំរាប់​ជា​បន្ទប់​នៅ​ព័ទ្ធ​ជុំវិញ ដើម្បី​ឲ្យ​បាន​ជាប់​នឹង​ជញ្ជាំង​នោះ តែ​មិន​ឲ្យ​ស៊ក​ចូល​ទៅ​ក្នុង​ជញ្ជាំង​ព្រះ‌វិហារ​ទេ

7 ហើយ​បន្ទប់​ទាំង​នោះ​បាន​កាន់​តែ​ធំ ជា​លំដាប់ តាម​ដែល​ឡើង​ខ្ពស់​ទៅ​ព័ទ្ធ​ជុំវិញ​ព្រះ‌វិហារ ដ្បិត​ផ្លូវ​ដែល​ព័ទ្ធ​ជុំវិញ​ព្រះ‌វិហារ បាន​ឡើង​កាន់​តែ​ខ្ពស់​ទៅ តែ​ទទឹង​ព្រះ‌វិហារ​នៅ​ដូច​គ្នា​ទៅ​ខាង​លើ ហេតុ​នោះ បន្ទប់​បាន​កាន់​តែ​ធំ​ទូលាយ​ទៅ​ខាង​លើ​យ៉ាង​នោះ ចេញ​ពី​បន្ទប់ ជាន់​ក្រោម​ឡើង ទៅ​ឯ​បន្ទប់​ជាន់​លើ ដោយ​ផ្លូវ​កណ្តាល