20 គេក៏មិនត្រូវកោរសក់ ឬទុកឲ្យសក់ដុះវែងដែរ គេនឹងគ្រាន់តែកាត់ដំរឹមប៉ុណ្ណោះ
21 មិនត្រូវឲ្យសង្ឃណាមួយផឹកស្រាទំពាំងបាយជូរ ក្នុងកាលដែលចូលទៅក្នុងទីលានខាងក្នុងឡើយ
22 ក៏មិនត្រូវយកស្រីមេម៉ាយ ឬស្រីប្ដីលែង ធ្វើជាប្រពន្ធខ្លួនដែរ គឺត្រូវយកតែស្រីក្រមុំក្នុងពូជវង្សអ៊ីស្រាអែល ឬស្រីមេម៉ាយណាដែលជាប្រពន្ធរបស់សង្ឃពីកាលដើមប៉ុណ្ណោះ
23 គេត្រូវបង្រៀនរាស្ត្រអញឲ្យចេះសំគាល់របស់បរិសុទ្ធ និងរបស់ធម្មតា ហើយឲ្យគេមើលដឹងរបស់ស្អាត និងរបស់ដែលមិនស្អាត
24 ឯក្នុងរឿងទាស់ទែងគ្នា នោះត្រូវឲ្យគេឈរជំនុំជំរះសេចក្ដី ត្រូវឲ្យគេជំនុំជំរះការណ៍នោះ តាមសេចក្ដីយុត្តិធម៌របស់អញ ព្រមទាំងរក្សាអស់ទាំងក្រឹត្យក្រម និងបញ្ញត្តច្បាប់របស់អញ នៅអស់ទាំងបុណ្យមានកំណត់របស់អញផង ហើយត្រូវឲ្យគេរក្សាថ្ងៃឈប់សំរាករបស់អញ ទុកជាបរិសុទ្ធដែរ
25 មិនត្រូវឲ្យគេចូលទៅជិតខ្មោចស្លាប់ណា ឲ្យខ្លួនត្រូវសៅហ្មងឡើយ វៀរតែខ្មោចឪពុក ឬម្តាយ កូនប្រុស ឬកូនស្រី បងប្អូនប្រុស ឬបងប្អូនស្រី ដែលមិនទាន់មានប្ដីនៅឡើយ នោះគេនឹងឲ្យខ្លួនសៅហ្មង ដោយព្រោះខ្មោចអ្នកទាំងនោះបាន
26 រួចកាលណាបានសំអាតខ្លួនវិញហើយ នោះត្រូវរាប់៧ថ្ងៃដល់សង្ឃនោះ