3 លុះបានចេញទៅខាងកើត មនុស្សនោះក៏វាស់១ពាន់ហត្ថ ដោយខ្សែដែលកាន់នៅដៃ នោះលោកឲ្យខ្ញុំលុយកាត់ទឹក ឯទឹកនោះបានត្រឹមភ្នែកគោ
4 លោកក៏វាស់១ពាន់ហត្ថទៀត រួចឲ្យខ្ញុំលុយកាត់ទៅ ទឹកត្រង់នោះបានត្រឹមក្បាលជង្គង់ រួចលោកវាស់១ពាន់ហត្ថទៀត ក៏ឲ្យខ្ញុំលុយកាត់ទៅ ត្រង់នោះទឹកបានដល់ត្រឹមចង្កេះ
5 ក្រោយនោះលោកវាស់១ពាន់ហត្ថទៀត នោះមានទន្លេដែលខ្ញុំលុយកាត់មិនបាន ដ្បិតទឹកបានខ្ពស់ឡើង ជាទឹកដែលល្មមហែលបាន គឺជាទន្លេដែលលុយពុំបានទេ។
6 នោះលោកសួរមកខ្ញុំថា កូនមនុស្សអើយ តើបានឃើញហើយឬ រួចលោកនាំខ្ញុំឲ្យត្រឡប់ទៅឯមាត់ទន្លេនោះវិញ
7 កាលខ្ញុំបានត្រឡប់ទៅដល់ហើយ នោះឃើញតាមមាត់ទន្លេ មានដើមឈើជាច្រើន ទាំងខាងនេះ និងខាងនោះផង
8 លោកក៏ប្រាប់ខ្ញុំថា ទឹកនេះហូរចេញទៅទិសខាងកើតធ្លាក់ចុះទៅដល់ស្រុកវាល រួចនឹងហូរធ្លាក់ទៅឯសមុទ្រ លុះហូរធ្លាក់ទៅក្នុងសមុទ្រហើយ នោះទឹកសមុទ្រនឹងទៅជាល្អវិញ
9 ហើយគ្រប់ទាំងសត្វមានជីវិត ដែលរវើកនៅគ្រប់កន្លែងណាដែលទន្លេនោះហូរ នឹងបានរស់នៅ ក៏នឹងមានត្រីយ៉ាងសន្ធឹក ដោយព្រោះទឹកទាំងនេះបានហូរទៅដល់ទីនោះ ហើយទឹកសមុទ្រនោះនឹងបានល្អ ឯកន្លែងណាដែលទឹកទន្លេនេះហូរទៅដល់ នោះគ្រប់ទាំងអស់នឹងរស់នៅ