អេសេគាល 47:5-11 KHOV

5 ក្រោយ​នោះ​លោក​វាស់​១​ពាន់​ហត្ថ​ទៀត នោះ​មាន​ទន្លេ​ដែល​ខ្ញុំ​លុយ​កាត់​មិន​បាន ដ្បិត​ទឹក​បាន​ខ្ពស់​ឡើង ជា​ទឹក​ដែល​ល្មម​ហែល​បាន គឺ​ជា​ទន្លេ​ដែល​លុយ​ពុំ​បាន​ទេ។

6 នោះ​លោក​សួរ​មក​ខ្ញុំ​ថា កូន​មនុស្ស​អើយ តើ​បាន​ឃើញ​ហើយ​ឬ រួច​លោក​នាំ​ខ្ញុំ​ឲ្យ​ត្រឡប់​ទៅ​ឯ​មាត់​ទន្លេ​នោះ​វិញ

7 កាល​ខ្ញុំ​បាន​ត្រឡប់​ទៅ​ដល់​ហើយ នោះ​ឃើញ​តាម​មាត់​ទន្លេ មាន​ដើម​ឈើ​ជា​ច្រើន ទាំង​ខាង​នេះ និង​ខាង​នោះ​ផង

8 លោក​ក៏​ប្រាប់​ខ្ញុំ​ថា ទឹក​នេះ​ហូរ​ចេញ​ទៅ​ទិស​ខាង​កើត​ធ្លាក់​ចុះ​ទៅ​ដល់​ស្រុក​វាល រួច​នឹង​ហូរ​ធ្លាក់​ទៅ​ឯ​សមុទ្រ លុះ​ហូរ​ធ្លាក់​ទៅ​ក្នុង​សមុទ្រ​ហើយ នោះ​ទឹក​សមុទ្រ​នឹង​ទៅ​ជា​ល្អ​វិញ

9 ហើយ​គ្រប់​ទាំង​សត្វ​មាន​ជីវិត ដែល​រវើក​នៅ​គ្រប់​កន្លែង​ណា​ដែល​ទន្លេ​នោះ​ហូរ នឹង​បាន​រស់​នៅ ក៏​នឹង​មាន​ត្រី​យ៉ាង​សន្ធឹក ដោយ​ព្រោះ​ទឹក​ទាំង​នេះ​បាន​ហូរ​ទៅ​ដល់​ទី​នោះ ហើយ​ទឹក​សមុទ្រ​នោះ​នឹង​បាន​ល្អ ឯ​កន្លែង​ណា​ដែល​ទឹក​ទន្លេ​នេះ​ហូរ​ទៅ​ដល់ នោះ​គ្រប់​ទាំង​អស់​នឹង​រស់​នៅ

10 ពួក​នេសាទ​ត្រី​នឹង​ឈរ​នៅ​មាត់​ទឹក​នោះ ចាប់​តាំង​ពី​អេន-កេឌី រហូត​ដល់​អេន-អេក‌លែម ទី​នោះ​នឹង​បាន​ជា​ទី​សំរាប់​បង់​សំណាញ់ ឯ​ត្រី​នៅ​ក្នុង​ទឹក​នោះ នឹង​មាន​យ៉ាង​សន្ធឹក​គ្រប់​បែប​តាម​ពូជ ដូច​ជា​ត្រី​នៅ​ក្នុង​សមុទ្រ​ធំ​ដែរ

11 តែ​ទី​ល្បាប់ និង​បឹង​នៅ​ទី​នោះ នឹង​មិន​បាន​សាប​ល្អ​វិញ​ទេ កន្លែង​ទាំង​នោះ​នឹង​បាន​ទុក​សំរាប់​ធ្វើ​អំបិល​វិញ