6 នៅអស់ទាំងទីណាដែលឯងរាល់គ្នាអាស្រ័យនៅ នោះទីក្រុងទាំងប៉ុន្មាននឹងត្រូវខូចបង់ ហើយអស់ទាំងទីខ្ពស់នឹងត្រូវចោលស្ងាត់ ដើម្បីឲ្យអាសនាទាំងប៉ុន្មានរបស់ឯងត្រូវបំផ្លាញ ហើយនៅស្ងាត់ច្រៀប និងឲ្យរូបព្រះរបស់ឯងទាំងប៉ុន្មានត្រូវបាក់បែក ហើយលែងមានទៀត ព្រមទាំងឲ្យរូបព្រះអាទិត្យរបស់ឯងត្រូវកាប់រំលំផង ប្រយោជន៍ឲ្យស្នាដៃទាំងប៉ុន្មានរបស់ឯងបានសាបសូន្យទៅ
7 ពួកអ្នកដែលត្រូវសំឡាប់ គេនឹងដួលនៅកណ្តាលឯង នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។
8 ប៉ុន្តែអញនឹងឲ្យមានសល់នៅខ្លះ ដើម្បីឲ្យឯងរាល់គ្នាមានអ្នកខ្លះ ដែលនឹងរួចពីដាវនៅកណ្តាលសាសន៍ដទៃ ក្នុងកាលដែលឯងរាល់គ្នាត្រូវខ្ចាត់ខ្ចាយទៅ នៅអស់ទាំងស្រុក
9 ឯពួកអ្នកដែលរួច គេនឹងនឹកចាំពីអញនៅកណ្តាលអស់ទាំងសាសន៍ ដែលគេត្រូវដឹកនាំទៅជាឈ្លើយនោះ គឺនឹកពីអញ ដែលបានបំបាក់ចិត្តកំផិតរបស់គេ ដែលបានប្រាសចេញពីអញទៅ ព្រមទាំងភ្នែកគេដែលផិតតាមរូបរបស់ព្រះខ្លួនផង នោះគេនឹងមើលខ្លួន ដោយខ្ពើមឆ្អើម ព្រោះអំពើអាក្រក់ដែលគេបានប្រព្រឹត្ត ក្នុងអស់ទាំងការគួរស្អប់ខ្ពើមរបស់គេ
10 គេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត ហើយដែលអញបានថា នឹងធ្វើការអាក្រក់ទាំងនេះដល់គេ នោះមិនមែនជាពាក្យលេងទេ។
11 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ចូរទះដៃ ហើយតន្ត្រំជើងចុះ ដោយពាក្យថា វរហើយ ដោយព្រោះការគួរស្អប់ខ្ពើមដ៏អាក្រក់ របស់ពូជពង្សអ៊ីស្រាអែល ដ្បិតគេនឹងត្រូវដួលដោយដាវ ដោយអំណត់អត់ ហើយដោយអាសន្នរោគ
12 អ្នកណាដែលនៅឆ្ងាយ នឹងស្លាប់ដោយអាសន្នរោគ អ្នកដែលនៅជិត នឹងស្លាប់ដោយដាវ ហើយពួកសល់នៅក្នុងទីក្រុង ដែលត្រូវគេឡោមព័ទ្ធ នោះនឹងស្លាប់ដោយអំណត់អត់វិញ គឺយ៉ាងនោះដែលអញនឹងសំរេចសេចក្ដីក្រោធរបស់អញដល់គេ