6 ទ្រង់ក៏មានព្រះបន្ទូលមកខ្ញុំថា កូនមនុស្សអើយឯងឃើញការដែលគេប្រព្រឹត្តឬទេ គឺជាការគួរស្អប់ខ្ពើមយ៉ាងសំបើម ដែលពូជពង្សអ៊ីស្រាអែលធ្វើនៅទីនេះ ដើម្បីឲ្យអញបានឃ្លាតចេញ ឆ្ងាយពីទីបរិសុទ្ធរបស់អញ តែចាំមើល ឯងនឹងឃើញការគួរស្អប់ខ្ពើម យ៉ាងសំបើមជាងទៅទៀត។
7 គ្រានោះទ្រង់នាំខ្ញុំទៅដល់ទ្វារទីលាន កាលខ្ញុំបានក្រឡេកមើលទៅ នោះឃើញមានប្រហោង១ក្នុងកំផែង
8 រួចទ្រង់មានព្រះបន្ទូលមកខ្ញុំថា កូនមនុស្សអើយ ចូរជីកទៅក្នុងកំផែងឥឡូវ កាលខ្ញុំបានជីកក្នុងកំផែងហើយ នោះឃើញមានទ្វារ១
9 ទ្រង់មានព្រះបន្ទូលមកខ្ញុំថា ចូរឲ្យឯងចូលទៅខាងក្នុង មើលការគួរស្អប់ខ្ពើមយ៉ាងអាក្រក់ ដែលគេធ្វើនៅទីនេះ
10 ដូច្នេះ ខ្ញុំក៏ចូលទៅមើល ហើយឃើញមានគំនូរគ្រប់ទាំងសត្វលូនវារ សត្វគួរខ្ពើមឆ្អើម និងអស់ទាំងរូបព្រះរបស់ពូជពង្សសាសន៍អ៊ីស្រាអែល ដែលគេគូរនៅជញ្ជាំងជុំវិញ
11 ក៏មានពួកចាស់ទុំនៃពួកអ៊ីស្រាអែល៧០នាក់ ឈរនៅមុខរូបទាំងនោះ ហើយមានយ្អាសានាជាកូនសាផាន ឈរនៅកណ្តាលគេ គ្រប់គ្នាកាន់ជើងពាន ហើយផ្សែងនៃគ្រឿងក្រអូបក៏ហុយឡើងយ៉ាងក្រាស់
12 នោះទ្រង់មានព្រះបន្ទូលសួរខ្ញុំថា កូនមនុស្សអើយ តើឃើញអំពើ ដែលពួកចាស់ទុំសាសន៍អ៊ីស្រាអែល ធ្វើដោយសំងាត់ នៅក្នុងគំនិតយល់ឃើញនៃគេរៀងខ្លួនឬទេ ដ្បិតគេថា ព្រះយេហូវ៉ាទ្រង់មិនឃើញយើងទេ ព្រះយេហូវ៉ាបានបោះបង់ចោលស្រុកនេះហើយ