10 រីឯនៅថ្ងៃអំណរ និងនៅថ្ងៃបុណ្យដ៏មុតមាំ របស់ឯងរាល់គ្នា ហើយនៅថ្ងៃចូលខែ នោះឯងត្រូវផ្លុំត្រែពីលើដង្វាយដុត និងយញ្ញបូជា នៃដង្វាយមេត្រីរបស់ឯង នោះនឹងមានសេចក្ដីរំឭកដល់ឯងរាល់គ្នា នៅចំពោះព្រះនៃឯង អញនេះហើយ គឺយេហូវ៉ា ជាព្រះនៃឯង។
11 ដល់ថ្ងៃ២០ ខែពិសាខ ក្នុងឆ្នាំទី២ នោះពពកក៏ឡើងផុតពីរោងឧបោសថផងសេចក្ដីបន្ទាល់
12 រួចពួកកូនចៅអ៊ីស្រាអែល ក៏ធ្វើដំណើរចេញពីទីរហោស្ថានស៊ីណាយ ដើរទៅតាមរបៀបដែលគេដើរមុនក្រោយ ហើយពពកក៏ឈប់នៅទីរហោស្ថានប៉ារ៉ាន
13 នៅជាន់មុនដំបូងនោះ គេចេញដំណើរទៅតាមបង្គាប់ព្រះយេហូវ៉ាដោយសារម៉ូសេ
14 ឯទី១ នោះមានទង់ជ័យនៃទីដំឡើងត្រសាល របស់ពួកកូនចៅយូដា នាំគ្នាចេញទៅតាមពួកកងគេ មានណាសូនជាកូនអ័មីន៉ាដាប់ ត្រួតលើពួកកងគេ
15 ហើយនេថានេលជាកូនស៊ូហារ ត្រួតលើពួកកងរបស់ពូជអំបូរកូនចៅអ៊ីសាខារ
16 និងអេលាប ជាកូនហេល៉ូន ត្រួតលើពួកកងនៃពូជអំបូរកូនចៅសាប់យូល៉ូន