ជនគណនា 11:17-23 KHOV

17 អញ​នឹង​ចុះ​មក​និយាយ​នឹង​ឯង ហើយ​នឹង​ចែក​ព្រះ‌វិញ្ញាណ ដែល​សណ្ឋិត​លើ​ឯង ទៅ​ដាក់​លើ​គេ​ផង នោះ​គេ​នឹង​ជួយ​ផ្ទុក​នូវ​បន្ទុក​បណ្តា‌ជន​នេះ​ជា​មួយ​នឹង​ឯង ដើម្បី​កុំ​ឲ្យ​ឯង​ត្រូវ​ផ្ទុក​តែ​ម្នាក់​ឯង​ឡើយ

18 ត្រូវ​ឲ្យ​ឯង​ប្រាប់​ដល់​បណ្តា‌ជន​ថា ចូរ​ឯង​រាល់​គ្នា​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ ឲ្យ​ទាន់​នៅ​ថ្ងៃ​ស្អែក នោះ​នឹង​បាន​សាច់​បរិភោគ​ហើយ ដ្បិត​ឯង​រាល់​គ្នា​បាន​យំ​ដាក់​ព្រះ‌កាណ៌​នៃ​ព្រះ‌យេហូវ៉ា​ថា តើ​អ្នក​ណា​នឹង​ឲ្យ​សាច់​មក​យើង​បរិភោគ ដ្បិត​ដែល​យើង​នៅ​ស្រុក​អេស៊ីព្ទ​នៅ​ឡើយ នោះ​ស្រួល​ណាស់ ដូច្នេះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ប្រទាន​សាច់​មក ហើយ​ឯង​រាល់​គ្នា​នឹង​បរិភោគ​ផង

19 មិន​មែន​ត្រឹម​តែ​១​ថ្ងៃ ២​ថ្ងៃ ឬ​៥​ថ្ងៃ ១០​ថ្ងៃ ឬ​២០​ថ្ងៃ​ប៉ុណ្ណោះ​ទេ

20 គឺ​ឯង​រាល់​នឹង​បរិភោគ​ពេញ​១​ខែ​វិញ ទាល់​តែ​សាច់​នោះ​ចេញ​តាម​រន្ធ​ច្រមុះ​ឯង​មក ហើយ​ឯង​នឹង​ធុញ‌ទ្រាន់​ចំពោះ​សាច់​នោះ ពី​ព្រោះ​ឯង​រាល់​គ្នា​បាន​ជិន‌ណាយ​ចិត្ត​នឹង​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​គង់​កណ្តាល​ពួក​ឯង ហើយ​បាន​យំ​នៅ​ចំពោះ​ទ្រង់​ថា ហេតុ​អ្វី​បាន​ជា​យើង​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​ដូច្នេះ។

21 រួច​ម៉ូសេ​ទូល​សួរ​ថា បណ្តា​មនុស្ស​ដែល​ទូល‌បង្គំ​នៅ​ជា​មួយ​នេះ មាន​ពួក​ថ្មើរ​ជើង​ចំនួន​៦​សែន​នាក់ ដូច្នេះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នឹង​ឲ្យ​សាច់​ដល់​គេ​គ្រប់​គ្នា ឲ្យ​បាន​បរិភោគ​ពេញ​១​ខែ​ឬ

22 តើ​ត្រូវ​សំឡាប់​ហ្វូង​សត្វ​ទាំង​ធំ​ទាំង​តូច ឲ្យ​ល្មម​ដល់​គេ​ឬ​អី ឬ​ត្រូវ​ប្រមូល​ត្រី​ក្នុង​សមុទ្រ​ទាំង​អស់​មក ឲ្យ​ល្មម​ដល់​គេ​ដែរ

23 នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​នឹង​ម៉ូសេ​ថា តើ​ព្រះ‌ហស្ត​ព្រះ‌យេហូវ៉ា​បាន​រួញ​ខ្លី​ឬ​អី ឥឡូវ​នេះ​ឯង​នឹង​ឃើញ​ពិត បើ​ពាក្យ​អញ​ថា​នឹង​កើត​មក​ដល់​ឯង​មែន ឬ​មិន​មែន។