23 នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលតបនឹងម៉ូសេថា តើព្រះហស្តព្រះយេហូវ៉ាបានរួញខ្លីឬអី ឥឡូវនេះឯងនឹងឃើញពិត បើពាក្យអញថានឹងកើតមកដល់ឯងមែន ឬមិនមែន។
24 ម៉ូសេក៏នាំយកព្រះបន្ទូលនៃព្រះយេហូវ៉ា ចេញទៅប្រាប់ដល់បណ្តាជន រួចលោកប្រមូលពួកចាស់ទុំនៃបណ្តាជន៧០នាក់ មកដាក់ឲ្យឈរនៅជុំវិញត្រសាលជំនុំ
25 នោះព្រះយេហូវ៉ាទ្រង់យាងចុះមកក្នុងពពក មានព្រះបន្ទូលនឹងលោក រួចក៏ចែកព្រះវិញ្ញាណ ដែលសណ្ឋិតលើលោកទៅដាក់លើពួកចាស់ទុំទាំង៧០នាក់នោះផង កាលព្រះវិញ្ញាណបានសណ្ឋិតលើគេហើយ នោះស្រាប់តែគេទាយទំនាយម្តង តែមិនបានទាយតទៅមុខទៀតទេ។
26 រីឯមានពួកគេ២នាក់ រារង់នៅឯទីដំឡើងត្រសាល១ឈ្មោះអែលដាត ១ទៀតឈ្មោះមីដាត ជាពួកអ្នកដែលចុះឈ្មោះរួចហើយ តែមិនបានចេញទៅឯរោងឧបោសថទេ ព្រះវិញ្ញាណក៏សណ្ឋិតលើគេដែរ ហើយគេទាយនៅក្នុងទីដំឡើងត្រសាល
27 នោះមានមនុស្សកំឡោះម្នាក់រត់ទៅជំរាបម៉ូសេពីរឿងនោះថា អែលដាត និងមីដាត គេកំពុងតែទាយនៅក្នុងទីដំឡើងត្រសាល
28 រួចយ៉ូស្វេ ជាកូននុន ដែលជាអ្នកជំនិតរបស់ម៉ូសេ តាំងពីកំឡោះមក ក៏និយាយថា លោកម្ចាស់ខ្ញុំអើយ សូមហាមគេទៅ
29 តែម៉ូសេឆ្លើយថា តើឯងច្រណែនជំនួសអញឬអី អញសុខចិត្តឲ្យបណ្តាជនទាំងឡាយរបស់ព្រះយេហូវ៉ា ចេះទាយដែរ ហើយឲ្យព្រះយេហូវ៉ាបានដាក់ព្រះវិញ្ញាណទ្រង់ លើគេគ្រប់គ្នាចុះ