27 នោះមានមនុស្សកំឡោះម្នាក់រត់ទៅជំរាបម៉ូសេពីរឿងនោះថា អែលដាត និងមីដាត គេកំពុងតែទាយនៅក្នុងទីដំឡើងត្រសាល
28 រួចយ៉ូស្វេ ជាកូននុន ដែលជាអ្នកជំនិតរបស់ម៉ូសេ តាំងពីកំឡោះមក ក៏និយាយថា លោកម្ចាស់ខ្ញុំអើយ សូមហាមគេទៅ
29 តែម៉ូសេឆ្លើយថា តើឯងច្រណែនជំនួសអញឬអី អញសុខចិត្តឲ្យបណ្តាជនទាំងឡាយរបស់ព្រះយេហូវ៉ា ចេះទាយដែរ ហើយឲ្យព្រះយេហូវ៉ាបានដាក់ព្រះវិញ្ញាណទ្រង់ លើគេគ្រប់គ្នាចុះ
30 នោះម៉ូសេ ព្រមទាំងពួកចាស់ទុំសាសន៍អ៊ីស្រាអែល ក៏នាំគ្នាត្រឡប់ទៅឯទីដំឡើងត្រសាលវិញ។
31 នោះព្រះយេហូវ៉ាទ្រង់ធ្វើឲ្យមានខ្យល់បក់នាំសុទ្ធតែសត្វក្រួចពីសមុទ្រមក ឲ្យរាចចេញនៅគ្រប់ជុំវិញទីដំឡើងត្រសាល មានចំងាយដើរ១ថ្ងៃខាងណេះ ហើយ១ថ្ងៃខាងណោះ នៅព័ទ្ធជុំវិញ ហើយកំពស់ពីដីឡើង ប្រហែលជា២ហត្ថ
32 ឯបណ្តាជនទាំងឡាយ គេក៏ក្រោកឡើង ឈរចាប់ក្រួចពេញ១ថ្ងៃ១យប់នោះ ហើយ១ថ្ងៃស្អែកទៀត អ្នកណាដែលចាប់បានតិចជាងគេ នោះបានដល់១០ហាប រួចគេហាលសាច់សត្វទាំងនោះ នៅគ្រប់ជុំវិញទីដំឡើងត្រសាលទុកសំរាប់ខ្លួនគេ
33 តែកាលសាច់នោះកំពុងតម្កល់នៅនាធ្មេញ មិនទាន់ទំពារនៅឡើយ នោះសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ា ក៏ឆួលក្តៅឡើងទាស់នឹងគេ ហើយទ្រង់វាយបណ្តាជនទាំងឡាយ ដោយសេចក្ដីវេទនាយ៉ាងធំ