3 ដូច្នេះគេហៅទីនោះថា តាបេរ៉ា ពីព្រោះភ្លើងនៃព្រះយេហូវ៉ាបានឆេះក្នុងពួកគេ។
4 រីឯពួកសាសន៍ដទៃ ដែលនៅលាយឡំជាមួយនឹងពួកកូនចៅអ៊ីស្រាអែល គេក៏នឹកចង់បានម្ហូបជាខ្លាំងពន់ពេក ហើយពួកកូនចៅអ៊ីស្រាអែលក៏យំម្តងទៀតតាមគេដែរ ដោយពាក្យថា តើអ្នកណានឹងឲ្យសាច់មកយើងបរិភោគ
5 យើងនឹករំឭកពីត្រី ដែលយើងបានបរិភោគនៅស្រុកអេស៊ីព្ទជាឥតថ្លៃ ហើយពីត្រសក់ ឪឡឹក ខ្ទឹមខ្យល់ ខ្ទឹមសំឡ និងខ្ទឹមសផង
6 តែឥឡូវនេះ យើងរីងស្លាប់ហើយ ដ្បិតគ្មានអ្វីសោះ មានតែនំម៉ាន៉ា ដែលនៅចំពោះភ្នែកយើងនេះប៉ុណ្ណោះ
7 រីឯនំម៉ាន៉ានោះ មានភាពដូចជាគ្រាប់ល្ង មានសម្បុរដូចជាកែវមុក្តា
8 ពួកបណ្តាជនក៏ចេញទៅរើសយកមក កិននឹងត្បាល់កិន ឬបុកក្នុងត្បាល់បុក រួចចំអិនក្នុងឆ្នាំងធ្វើជានំ ក៏មានរសជាតិដូចជារសជាតិនៃប្រេងថ្មី
9 នៅវេលាយប់ កាលទឹកសន្សើមធ្លាក់មកលើទីដំឡើងត្រសាល នោះនំម៉ាន៉ាក៏ធ្លាក់មកជាមួយ