31 នោះព្រះយេហូវ៉ាទ្រង់ធ្វើឲ្យមានខ្យល់បក់នាំសុទ្ធតែសត្វក្រួចពីសមុទ្រមក ឲ្យរាចចេញនៅគ្រប់ជុំវិញទីដំឡើងត្រសាល មានចំងាយដើរ១ថ្ងៃខាងណេះ ហើយ១ថ្ងៃខាងណោះ នៅព័ទ្ធជុំវិញ ហើយកំពស់ពីដីឡើង ប្រហែលជា២ហត្ថ
32 ឯបណ្តាជនទាំងឡាយ គេក៏ក្រោកឡើង ឈរចាប់ក្រួចពេញ១ថ្ងៃ១យប់នោះ ហើយ១ថ្ងៃស្អែកទៀត អ្នកណាដែលចាប់បានតិចជាងគេ នោះបានដល់១០ហាប រួចគេហាលសាច់សត្វទាំងនោះ នៅគ្រប់ជុំវិញទីដំឡើងត្រសាលទុកសំរាប់ខ្លួនគេ
33 តែកាលសាច់នោះកំពុងតម្កល់នៅនាធ្មេញ មិនទាន់ទំពារនៅឡើយ នោះសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ា ក៏ឆួលក្តៅឡើងទាស់នឹងគេ ហើយទ្រង់វាយបណ្តាជនទាំងឡាយ ដោយសេចក្ដីវេទនាយ៉ាងធំ
34 ឯឈ្មោះកន្លែងនោះគេក៏ហៅថា គីប្រុតហាតាវ៉ា ពីព្រោះនៅទីនោះ គេបានកប់ខ្មោចនៃពួកអ្នកដែលនឹកប៉ងប្រាថ្នានោះ
35 រួចបណ្តាជនគេធ្វើដំណើរពីគីប្រុត-ហាតាវ៉ា ទៅដល់ហាសិរ៉ូត ហើយក៏ឈប់នៅត្រង់ហាសិរ៉ូតនោះ។