ជនគណនា 12:1-7 KHOV

1 រីឯ​ម៉ារាម និង​អើរ៉ុន គេ​និយាយ​ទំនាស់​នឹង​ម៉ូសេ ពី​រឿង​ស្រី​សាសន៍​គូស​ដែល​លោក​បាន​យក ដ្បិត​លោក​បាន​យក​ស្រី​សាសន៍​គូស​ម្នាក់ ធ្វើ​ជា​ប្រពន្ធ

2 គឺ​គេ​និយាយ​ថា តើ​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​តែ​នឹង​ម៉ូសេ​តែ​ម្នាក់​ឯង ឥត​បាន​មាន​ព្រះ‌បន្ទូល​នឹង​យើង​ដែរ​ទេ​ឬ​អី ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ឮ​ពាក្យ​នោះ

3 (រីឯ​ម៉ូសេ​លោក​សុភាព​ណាស់ លើស​អស់​ទាំង​មនុស្ស​នៅ​លើ​ផែនដី)។

4 នោះ​លោ​តែ​ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ម៉ូសេ អើរ៉ុន ហើយ​នឹង​ម៉ារាម​ថា ចូរ​ឯង​ទាំង​៣​នាក់​ចេញ​មក​ឯ​ត្រសាល​ជំនុំ​ចុះ គេ​ក៏​នាំ​គ្នា​ចេញ​ទៅ

5 ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ចុះ​មក​ក្នុង​បង្គោល​ពពក ឈរ​នៅ​ត្រង់​មាត់​ទ្វារ​ត្រសាល មាន​ព្រះ‌បន្ទូល​ហៅ​ចំពោះ​អើរ៉ុន និង​ម៉ារាម រួច​គេ​ក៏​ចេញ​មក

6 ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ចូរ​ស្តាប់​អញ​ចុះ បើ​មាន​ហោរា​ណា​នៅ​ក្នុង​ពួក​ឯង​រាល់​គ្នា នោះ​អញ ដ៏​ជា​ព្រះ‌យេហូវ៉ា អញ​នឹង​ឲ្យ​អ្នក​នោះ​ស្គាល់​អញ​ក្នុង​ការ​ជាក់‌ស្តែង ហើយ​អញ​នឹង​និយាយ​នឹង​អ្នក​នោះ ដោយ​ការ​ពន្យល់​សប្តិ

7 ឯ​ម៉ូសេ​ជា​អ្នក​បំរើ​អញ នោះ​អញ​មិន​ធ្វើ​ដូច្នោះ​ទេ ព្រោះ​ជា​អ្នក​ស្មោះ‌ត្រង់​ក្នុង​ផ្ទះ​របស់​អញ​ទាំង​មូល