ជនគណនា 13:20-26 KHOV

20 ហើយ​នឹង​ដី​នៅ​ស្រុក​នោះ តើ​កើត​ផល​ជា​បរិបូរ ឬ​គ្មាន មាន​ព្រៃ​ដែរ​ឬ​ទេ ចូរ​ឲ្យ​ឯង​រាល់​គ្នា​មាន​ចិត្ត​ក្លាហាន ហើយ​នាំ​យក​ផល​របស់​ស្រុក​នោះ​មក​វិញ​ផង រីឯ​រដូវ​នោះ ជា​រដូវ​ផ្លែ​ទំពាំង‌បាយ‌ជូរ​ជា​ដំបូង។

21 ដូច្នេះ​គេ​ក៏​ឡើង​ទៅ​សង្កេត​មើល​ក្នុង​ស្រុក​នោះ ចាប់​តាំង​ពី​ទី​រហោ‌ស្ថាន​ស៊ីន រហូត​ដល់​ស្រុក​រេហុប ដែល​នៅ​តាម​ផ្លូវ​ទៅ​ឯ​ស្រុក​ហាម៉ាត

22 គេ​ឡើង​ពី​ខាង​ត្បូង​ទៅ​ដល់​ហេប្រុន នៅ​ស្រុក​នោះ​មាន​អ័ហ៊ីម៉ាន សេសាយ និង​តាលម៉ាយ ជា​កូន​អ័ណាក់ (ឯ​ក្រុង​ហេប្រុន​នេះ បាន​សង់​៧​ឆ្នាំ​មុន​ក្រុង​សូអាន ដែល​នៅ​ស្រុក​អេស៊ីព្ទ)

23 រួច​គេ​មក​ដល់​ជ្រោះ​អែស‌កុល ហើយ​កាត់​ផ្លែ​ទំពាំង‌បាយ‌ជូរ​១​ចង្កោម​សែង​គ្នា​២​នាក់ ព្រម​ទាំង​ផ្លែ​ទទឹម និង​ផ្លែ​ល្វា​ផង

24 គេ​ហៅ​ទី​នោះ​ថា ជ្រោះ​អែស‌កុល ដោយ​ព្រោះ​ចង្កោម​ទំពាំង‌បាយ‌ជូរ ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​កាត់​នៅ​ទី​នោះ

25 រួច​ក្រោយ​មក​៤០​ថ្ងៃ គេ​ក៏​ត្រឡប់​មក​ពី​សង្កេត​មើល​ស្រុក​នោះ​វិញ។

26 គេ​ត្រឡប់​មក​ដល់​ម៉ូសេ និង​អើរ៉ុន ព្រម​ទាំង​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ត្រង់​កាដេស​ក្នុង​ទី​រហោ‌ស្ថាន​ប៉ារ៉ាន ក៏​ជូន​ដំណឹង​ដល់​លោក និង​ពួក​ជំនុំ​ទាំង​អស់​គ្នា ហើយ​បង្ហាញ​ផល​នៃ​ស្រុក​នោះ​ផង