ជនគណនា 13:28-33 KHOV

28 ប៉ុន្តែ​មនុស្ស​នៅ​ស្រុក​នោះ គេ​ខ្លាំង​ពូកែ​ណាស់ ទី​ក្រុង​របស់​គេ​មាន​កំផែង ហើយ​ក៏​ធំ​ណាស់​ផង ១​ទៀត​យើង​ខ្ញុំ​បាន​ឃើញ​កូន​ចៅ​អ័ណាក់ នៅ​ស្រុក​នោះ​ដែរ

29 សាសន៍​អាម៉ា‌លេក​គេ​នៅ​ស្រុក​ខាង​ត្បូង ហើយ​សាសន៍​ហេត សាសន៍​យេប៊ូស និង​សាសន៍​អាម៉ូរី​គេ​នៅ​ស្រុក​ភ្នំ ឯ​ខាង​សមុទ្រ ហើយ​នៅ​មាត់​ទន្លេ​យ័រដាន់ នោះ​មាន​សាសន៍​កាណាន​វិញ។

30 ឯ​កាលែប លោក​ឲ្យ​បណ្តា‌ជន​នៅ​ស្ងៀម​ចំពោះ​មុខ​ម៉ូសេ រួច​និយាយ​ថា ចូរ​យើង​ឡើង​ទៅ​ចាប់​យក​ស្រុក​នោះ​ជា​ប្រញាប់​កុំ​ខាន ដ្បិត​យើង​អាច​នឹង​យក​បាន​ដោយ​ស្រួល

31 ប៉ុន្តែ​មនុស្ស​ដែល​បាន​ឡើង​ទៅ​ជា​មួយ​គ្នា គេ​ប្រកែក​ថា យើង​ពុំ​អាច​នឹង​ឡើង​ទៅ​ទាស់​នឹង​គេ​បាន​ទេ ដ្បិត​គេ​ខ្លាំង​ពូកែ​ជាង​យើង​ណាស់

32 អ្នក​ទាំង​នោះ​ក៏​បង្ក‌បង្កើត​រឿង​អាក្រក់​ពី​ស្រុក ដែល​គេ​បាន​សង្កេត​មើល​នោះ ដោយ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា ស្រុក​ដែល​យើង​បាន​ដើរ​កាត់ ហើយ​សង្កេត​មើល​នោះ ជា​ស្រុក​ដែល​បង្ហិន‌បង្ហោច​ដល់​ពួក​អ្នក ដែល​អាស្រ័យ​នៅ ឯ​មនុស្ស​ដែល​យើង​ឃើញ​ទាំង​ប៉ុន្មាន ក៏​សុទ្ធ​តែ​មាន​មាឌ​ធំៗ

33 នៅ​ស្រុក​នោះ​យើង​បាន​ឃើញ​ពួក​មនុស្ស​ធំ​សំបើម គឺ​ជា​កូន​ចៅ​អ័ណាក់ ដែល​ជា​ពូជ​មនុស្ស​មាន​មាឌ​ធំ​សំបើម យើង​មើល​ទៅ​ខ្លួន​យើង​ដូច​ជា​កណ្តូប ទោះ​បើ​នៅ​ភ្នែក​គេ​ក៏​ដូច្នោះ​ដែរ។