22 ហើយពិតប្រាកដជាពួកអ្នកទាំងនេះដែលបានឃើញសិរីល្អអញ និងទីសំគាល់ទាំងប៉ុន្មានដែលអញបានធ្វើនៅស្រុកអេស៊ីព្ទ ហើយនៅទីរហោស្ថាននេះ
23 គេនឹងមិនដែលឃើញស្រុក ដែលអញបានស្បថនឹងឲ្យដល់ពួកអយ្យកោគេ គឺពួកដែលមើលងាយអញនោះ គេនឹងមិនដែលឃើញស្រុកនោះឡើយ ដោយព្រោះគេបានល្បងលអញ ទាំង១០ដងនេះហើយ ក៏មិនបានស្តាប់តាមសំឡេងអញផង
24 តែឯកាលែប ជាអ្នកបំរើរបស់អញ នោះអញនឹងនាំចូលទៅក្នុងស្រុក ដែលគាត់បានទៅមើលនោះ ហើយពូជគាត់នឹងបានស្រុកនោះជាកេរអាករ ពីព្រោះមានវិញ្ញាណផ្សេងសណ្ឋិតលើគាត់ ហើយគាត់ក៏បានប្រព្រឹត្តតាមអញគ្រប់ចំពូក
25 (រីឯសាសន៍អាម៉ាលេក ហើយនឹងសាសន៍កាណាន គេអាស្រ័យនៅក្នុងវាលច្រកភ្នំនោះ) ដល់ស្អែកនេះ ចូរឯងរាល់គ្នាវិលដើរទៅក្នុងទីរហោស្ថាន តាមផ្លូវសមុទ្រក្រហមវិញ។
26 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេ ហើយនឹងអើរ៉ុនថា
27 តើត្រូវឲ្យអញទ្រាំទ្រនឹងពួកជំនុំអាក្រក់ ដែលគេរទូរទាំទាស់នឹងអញនេះ ដល់កាលណាទៀត អញបានឮពាក្យ ដែលពួកកូនចៅអ៊ីស្រាអែលរទូរទាំទាស់នឹងអញនោះហើយ
28 ចូរប្រាប់គេថា ព្រះយេហូវ៉ាទ្រង់ស្បថ ដោយនូវព្រះជន្មទ្រង់ថា ពិតប្រាកដជាអញនឹងប្រព្រឹត្តនឹងឯងរាល់គ្នា តាមពាក្យដែលបាននិយាយដាក់ត្រចៀកអញនោះ ជាមិនខាន