ជនគណនា 14:8-14 KHOV

8 បើ‌សិន​ជា​ព្រះ‌យេហូវ៉ា ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​យើង​រាល់​គ្នា នោះ​ទ្រង់​នឹង​នាំ​យើង ឲ្យ​បាន​ចូល​ទៅ​ក្នុង​ស្រុក​នោះ​ជា​មិន​ខាន ហើយ​នឹង​ប្រទាន​មក​យើង​ផង គឺ​ជា​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ដ៏​ហូរ‌ហៀរ

9 កុំ​ឲ្យ​តែ​បះ‌បោរ​នឹង​ព្រះ‌យេហូវ៉ា ឬ​ខ្លាច​មនុស្ស​នៅ​ស្រុក​នោះ​ប៉ុណ្ណោះ ដ្បិត​គេ​ជា​អាហារ​សំរាប់​យើង​រាល់​គ្នា​ទេ ទី​ពឹង​ជ្រក​របស់​គេ​បាន​រើ​ចេញ​ទៅ​បាត់​ហើយ ព្រះ‌យេហូវ៉ា​ក៏​គង់​នៅ​ខាង​យើង​រាល់​គ្នា​ដែរ កុំ​ឲ្យ​ខ្លាច​គេ​ឡើយ

10 ឯ​ពួក​ជំនុំ​ទាំង​អស់​ក៏​ប្រាប់​គ្នា​ថា ចូរ​ចោល​គេ​នឹង​ថ្ម​ទៅ តែ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​បាន​លេច​មក​ក្នុង​ត្រសាល​ជំនុំ ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ឃើញ។

11 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា តើ​ជន​ទាំង‌ឡាយ​នេះ នឹង​នៅ​តែ​មើល‌ងាយ​អញ ដល់​កាល​ណា​ទៀត តើ​ដល់​កាល​ណា​ទៀត​ដែល​គេ​នៅ​តែ​មិន​ជឿ​ដល់​អញ ទោះ​បើ​ឃើញ​អស់​ទាំង​ទី​សំគាល់ ដែល​អញ​បាន​ធ្វើ​នៅ​កណ្តាល​គេ​ជា​ច្រើន​ម៉្លេះ​ផង

12 ដូច្នេះ អញ​នឹង​វាយ​គេ ដោយ​ជំងឺ​អាសន្ន‌រោគ ហើយ​នឹង​កាត់‌កាល់​គេ​ចោល​ចេញ រួច​អញ​នឹង​បង្កើត​សាសន៍១​ដ៏​ធំ​ជាង ហើយ​ពូកែ​ជាង​ពី​ឯង​វិញ។

13 តែ​ម៉ូសេ​ទូល​ទៅ​ព្រះ‌យេហូវ៉ា​ថា បើ​ដូច្នោះ​ពួក​សាសន៍​អេស៊ីព្ទ​នឹង​ឮ​ដែរ (ដ្បិត​ទ្រង់​បាន​នាំ​បណ្តា‌ជន​នេះ​ពី​កណ្តាល​គេ ឡើង​មក​ដោយ​ព្រះ‌ចេស្តា​ទ្រង់)

14 នោះ​គេ​នឹង​ប្រាប់​តៗ​មក ដល់​មនុស្ស​នៅ​ស្រុក​នេះ ដែល​បាន​ឮ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​តែង​គង់​នៅ​កណ្តាល​ពួក​ជន​នេះ ក៏​ឮ​ថា ពួក​ជន​នេះ​តែង​ឃើញ​ព្រះ‌យេហូវ៉ា​នៅ​ប្រទល់​មុខ ហើយ​ថា ពពក​របស់​ទ្រង់​តែង​ស្ថិត​នៅ​ពី​លើ​គេ ទ្រង់​ក៏​យាង​នាំ​មុខ​គេ​ក្នុង​បង្គោល​ពពក​នៅ​វេលា​ថ្ងៃ និង​ក្នុង​បង្គោល​ភ្លើង​នៅ​វេលា​យប់