10 ព្រមទាំងនាំឯងរាល់គ្នា និងពួកលេវីជាបងប្អូនឯងទាំងអស់មកជិតផង នោះតើឯងរាល់គ្នាស្មានថាជាការតូចពេកឬអី បានជារកចង់បានការងារជាសង្ឃថែមទៀតដូច្នេះ
11 ឯអើរ៉ុន តើលោកជាអ្វីដែលឯងរាល់គ្នារទូរទាំទាស់នឹងលោកដូច្នេះ គឺឯង និងពួកឯងទាំងនេះបានប្រមូលគ្នាទាស់នឹងព្រះយេហូវ៉ាវិញទេតើ។
12 ម៉ូសេក៏ចាត់គេឲ្យទៅហៅដាថាន និងអ័ប៊ីរ៉ាម ជាកូនអេលាបឲ្យមក តែគេប្រកែកថា យើងមិនទៅទេ
13 ដែលអ្នកបាននាំយើងចេញពីស្រុក ដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ មក ដើម្បីនឹងសំឡាប់យើងនៅទីរហោស្ថាននេះ តើជាការតូចពេកឬអី បានជាអ្នកត្រូវការចង់លើកខ្លួន ធ្វើជាកំពូលលើយើងទៀត
14 ១ទៀត អ្នកមិនបាននាំយើងចូលទៅក្នុងស្រុក ដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរទេ ក៏មិនបានឲ្យស្រែចំការមកយើងទុកជាមរដកផង តើអ្នកចង់ចាក់ពន្លត់ភ្នែកអ្នកទាំងនេះដែរឬអី យើងមិនព្រមទៅសោះឡើយ។
15 ដូច្នេះម៉ូសេក៏ខឹងណាស់ ហើយទូលទៅព្រះយេហូវ៉ាថា សូមទ្រង់កុំរាប់អានដង្វាយគេឡើយ ទូលបង្គំមិនបានយកសត្វលារបស់គេ សូម្បីតែ១ផង ក៏មិនដែលប្រទូសរ៉ាយចំពោះពួកគេណាឡើយ។
16 រួចម៉ូសេបង្គាប់ដល់កូរេថា ថ្ងៃស្អែកនេះ ចូរឲ្យឯង និងពួកឯងទាំងប៉ុន្មាន មកនៅចំពោះព្រះយេហូវ៉ាចុះ គឺឯង និងពួកអ្នកទាំងនោះ ព្រមទាំងអើរ៉ុនផង