24 ចូរប្រាប់ដល់ពួកជំនុំ ឲ្យគេថយចេញពីត្រសាលរបស់កូរេ ដាថាន និងអ័ប៊ីរ៉ាមទៅ។
25 រួចម៉ូសេក៏ក្រោកឡើងទៅឯដាថាន និងអ័ប៊ីរ៉ាម មានទាំងពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលដើរតាមទៅដែរ
26 លោកអង្វរពួកជំនុំដោយពាក្យថា សូមឲ្យអ្នករាល់គ្នាថយចេញពីត្រសាល របស់មនុស្សអាក្រក់ទាំងនេះទៅ កុំពាល់របស់អ្វីផងគេឲ្យសោះ ក្រែងត្រូវវិនាសទៅ ក្នុងអំពើបាបទាំងប៉ុន្មាន របស់គេដែរ
27 ដូច្នេះ គេថយចេញពីកន្លែងជុំវិញត្រសាលរបស់កូរេ ដាថាន និងអ័ប៊ីរ៉ាមទៅ រីឯដាថាន និងអ័ប៊ីរ៉ាម គេក៏ចេញមកឈរនៅមាត់ទ្វារត្រសាលរបស់ខ្លួន ព្រមទាំងប្រពន្ធ និងកូនធំតូចទាំងប៉ុន្មានរបស់គេដែរ
28 រួចម៉ូសេមានប្រសាសន៍ថា គឺយ៉ាងដូច្នេះដែលឯងរាល់គ្នានឹងដឹងថា ព្រះយេហូវ៉ាបានចាត់អញមកធ្វើការទាំងនេះ ហើយថា អញមិនបានធ្វើ ដោយអំពើចិត្តរបស់អញទេ
29 គឺបើអ្នកទាំងនេះស្លាប់ តាមដំណើរធម្មតានៃមនុស្សទាំងឡាយ ឬបើគេត្រូវដកជីវិតយកទៅ តាមភាពធម្មតារបស់មនុស្សផងទាំងពួង នោះព្រះយេហូវ៉ាមិនបានចាត់អញមកទេ
30 តែបើសិនជាព្រះយេហូវ៉ាទ្រង់ធ្វើការមួយយ៉ាងចំឡែកវិញ ដោយឲ្យដីហាឡើងលេបគេ និងរបស់ផងគេទាំងអស់ទៅ ហើយគេចុះទាំងរស់ ទៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ នោះអ្នករាល់គ្នានឹងដឹងពិតថា គេបានមើលងាយ ដល់ព្រះយេហូវ៉ាហើយ។