28 រួចម៉ូសេមានប្រសាសន៍ថា គឺយ៉ាងដូច្នេះដែលឯងរាល់គ្នានឹងដឹងថា ព្រះយេហូវ៉ាបានចាត់អញមកធ្វើការទាំងនេះ ហើយថា អញមិនបានធ្វើ ដោយអំពើចិត្តរបស់អញទេ
29 គឺបើអ្នកទាំងនេះស្លាប់ តាមដំណើរធម្មតានៃមនុស្សទាំងឡាយ ឬបើគេត្រូវដកជីវិតយកទៅ តាមភាពធម្មតារបស់មនុស្សផងទាំងពួង នោះព្រះយេហូវ៉ាមិនបានចាត់អញមកទេ
30 តែបើសិនជាព្រះយេហូវ៉ាទ្រង់ធ្វើការមួយយ៉ាងចំឡែកវិញ ដោយឲ្យដីហាឡើងលេបគេ និងរបស់ផងគេទាំងអស់ទៅ ហើយគេចុះទាំងរស់ ទៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ នោះអ្នករាល់គ្នានឹងដឹងពិតថា គេបានមើលងាយ ដល់ព្រះយេហូវ៉ាហើយ។
31 កាលលោកបានមានប្រសាសន៍ពាក្យទាំងនេះរួចហើយ នោះដីក៏ប្រេះឡើងពីក្រោមគេ
32 ហាទទួលយកគេបាត់ទៅ ព្រមទាំងពួកផ្ទះគេ និងអស់មនុស្សណាដែលជាពួករបស់កូរេ ហើយនឹងទ្រព្យសម្បត្តិគេផង
33 ដូច្នេះអ្នកទាំងនោះ និងពួកគេទាំងអស់ក៏ចុះទៅឯស្ថានឃុំព្រលឹងមនុស្សស្លាប់ទាំងរស់ រួចដីភ្ជិតពីលើគេទៅវិញ ហើយគេត្រូវវិនាសបាត់អស់ពីពួកជំនុំចេញ
34 ឯពួកអ៊ីស្រាអែលដែលនៅជុំវិញ កាលគេឮសំរែករបស់អ្នកទាំងនោះ ក៏រត់ទាំងអស់គ្នា ដោយនិយាយថា ក្រែងដីស្រូបយើងទៅដែរ