39 នោះអេលាសារដ៏ជាសង្ឃក៏រើសយកពានលង្ហិនទាំងប៉ុន្មាន ដែលពួកអ្នកត្រូវភ្លើងឆេះនោះបានថ្វាយ មកផែសំរាប់នឹងប៉ានអាសនា
40 ទុកជាសេចក្ដីរំឭកដល់ពួកកូនចៅអ៊ីស្រាអែល ដើម្បីកុំឲ្យអ្នកដទៃណា ដែលមិនកើតពីពូជអើរ៉ុនមក បានចូលទៅដុតកំញាននៅចំពោះព្រះយេហូវ៉ាឡើយ ក្រែងលោគេត្រូវស្លាប់ដូចកូរេ ហើយនឹងពួកគេដែរ ដូចជាព្រះយេហូវ៉ាបានបង្គាប់មក ដោយសារម៉ូសេ។
41 លុះដល់ថ្ងៃស្អែកឡើង ពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់គ្នា ក៏រទូរទាំទាស់នឹងម៉ូសេ ហើយនឹងអើរ៉ុនថា លោកបានសំឡាប់ពួកជននៃព្រះយេហូវ៉ា
42 តែកាលពួកជំនុំបានប្រជុំគ្នាទាស់នឹងម៉ូសេ ហើយនឹងអើរ៉ុនដូច្នេះ នោះគេក្រឡេកមើលទៅខាងត្រសាលជំនុំ ឃើញពពកមកគ្របលើត្រសាល ហើយសិរីល្អនៃព្រះយេហូវ៉ាក៏លេចមកដែរ
43 ឯម៉ូសេ និងអើរ៉ុនក៏ទៅឯត្រង់មុខត្រសាលជំនុំ
44 នោះព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា
45 ចូរឲ្យឯងថយចេញពីពួកជំនុំនេះទៅ ដើម្បីឲ្យអញបានបំផ្លាញគេចេញជា១រំពេច តែអ្នកទាំង២ក៏ទំលាក់ខ្លួនចុះក្រាបផ្កាប់មុខ