ជនគណនា 18:10-16 KHOV

10 ត្រូវ​ឲ្យ​ឯង​បរិភោគ​របស់​ទាំង​នោះ នៅ​កន្លែង​បរិសុទ្ធ​បំផុត គ្រប់​ទាំង​ប្រុសៗ ត្រូវ​បរិភោគ​ចុះ គឺ​ជា​របស់​បរិសុទ្ធ​ដល់​ឯង

11 ហើយ​នេះ​ជា​របស់​ផង​ឯង​ដែរ គឺ​អស់​ទាំង​ដង្វាយ​លើក​ចុះ​ឡើង និង​ដង្វាយ​គ្រវី​របស់​ផង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល អញ​ឲ្យ​របស់​ទាំង​នោះ​ដល់​ឯង និង​កូន​ប្រុស​កូន​ស្រី​ឯង​ផង ទុក​ជា​កំរៃ​នៅ​អស់‌កល្ប‌ជានិច្ច អស់​អ្នក​ណា​ដែល​ស្អាត​នៅ​ក្នុង​ផ្ទះ​ឯង នោះ​នឹង​បរិភោគ​របស់​ទាំង​នោះ​បាន

12 ហើយ​ប្រេង​ល្អ​បំផុត​ទាំង​អស់ និង​ស្រា​ទំពាំង‌បាយ‌ជូរ​ល្អ​បំផុត​ទាំង​អស់ ព្រម​ទាំង​ស្រូវ​ផង គឺ​ជា​ផល​ដំបូង ដែល​គេ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា នោះ​អញ​ឲ្យ​មក​ឯង​ទាំង​អស់​ហើយ

13 ឯ​ផល​ដំបូង​ពី​របស់​ទាំង​អស់ នៅ​ក្នុង​ស្រុក​គេ ដែល​យក​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​បាន​ជា​របស់​ផង​ឯង​ដែរ អស់​អ្នក​ណា​នៅ​ក្នុង​គ្រួសារ​ឯង ដែល​ស្អាត នឹង​បរិភោគ​របស់​ទាំង​នោះ​បាន

14 គ្រប់​របស់​អ្វី​ដែល​ថ្វាយ​ដាច់ នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល នោះ​ក៏​ជា​របស់​ផង​ឯង

15 គ្រប់​ទាំង​អស់​ដែល​កើត​ពី​ពោះ​ម្តាយ​មក​មុន​គេ ក្នុង​គ្រប់​ទាំង​ដង្វាយ​ដែល​ត្រូវ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ទោះ​មនុស្ស ឬ​សត្វ​ក្តី នោះ​ត្រូវ​បាន​ជា​របស់​ផង​ឯង ឯ​កូន​ច្បង​របស់​មនុស្ស នោះ​ត្រូវ​ឲ្យ​ឯង​លោះ​ចេញ​វិញ​មិន​ខាន ព្រម​ទាំង​សត្វ​មិន​ស្អាត​ដែល​កើត​មក​មុន​បង្អស់​ផង

16 ហើយ​រូប​ណា​មួយ​ដែល​ត្រូវ​លោះ​ចេញ នោះ​ត្រូវ​ឲ្យ​លោះ​ចាប់​តាំង​ពី​អាយុ​១​ខែ តាម​ដំឡៃ​ដែល​ឯង​សំរេច​ឲ្យ គឺ​ជា​ប្រាក់​៥​រៀល តាម​ប្រាក់​រៀល​ដែល​គេ​ប្រើ​ក្នុង​ទី​បរិសុទ្ធ (គឺ​១​រៀល​ត្រូវ​ជា​១០​កាក់)