11 ហើយនេះជារបស់ផងឯងដែរ គឺអស់ទាំងដង្វាយលើកចុះឡើង និងដង្វាយគ្រវីរបស់ផងពួកកូនចៅអ៊ីស្រាអែល អញឲ្យរបស់ទាំងនោះដល់ឯង និងកូនប្រុសកូនស្រីឯងផង ទុកជាកំរៃនៅអស់កល្បជានិច្ច អស់អ្នកណាដែលស្អាតនៅក្នុងផ្ទះឯង នោះនឹងបរិភោគរបស់ទាំងនោះបាន
12 ហើយប្រេងល្អបំផុតទាំងអស់ និងស្រាទំពាំងបាយជូរល្អបំផុតទាំងអស់ ព្រមទាំងស្រូវផង គឺជាផលដំបូង ដែលគេថ្វាយដល់ព្រះយេហូវ៉ា នោះអញឲ្យមកឯងទាំងអស់ហើយ
13 ឯផលដំបូងពីរបស់ទាំងអស់ នៅក្នុងស្រុកគេ ដែលយកមកថ្វាយដល់ព្រះយេហូវ៉ា នោះត្រូវបានជារបស់ផងឯងដែរ អស់អ្នកណានៅក្នុងគ្រួសារឯង ដែលស្អាត នឹងបរិភោគរបស់ទាំងនោះបាន
14 គ្រប់របស់អ្វីដែលថ្វាយដាច់ នៅក្នុងពួកអ៊ីស្រាអែល នោះក៏ជារបស់ផងឯង
15 គ្រប់ទាំងអស់ដែលកើតពីពោះម្តាយមកមុនគេ ក្នុងគ្រប់ទាំងដង្វាយដែលត្រូវថ្វាយដល់ព្រះយេហូវ៉ា ទោះមនុស្ស ឬសត្វក្តី នោះត្រូវបានជារបស់ផងឯង ឯកូនច្បងរបស់មនុស្ស នោះត្រូវឲ្យឯងលោះចេញវិញមិនខាន ព្រមទាំងសត្វមិនស្អាតដែលកើតមកមុនបង្អស់ផង
16 ហើយរូបណាមួយដែលត្រូវលោះចេញ នោះត្រូវឲ្យលោះចាប់តាំងពីអាយុ១ខែ តាមដំឡៃដែលឯងសំរេចឲ្យ គឺជាប្រាក់៥រៀល តាមប្រាក់រៀលដែលគេប្រើក្នុងទីបរិសុទ្ធ (គឺ១រៀលត្រូវជា១០កាក់)
17 ប៉ុន្តែមិនត្រូវឲ្យឯងលោះកូនគោ ឬកូនចៀម ឬកូនពពែ ដែលកើតមកមុនបង្អស់នោះទេ ដ្បិតជាសត្វបរិសុទ្ធ ត្រូវឲ្យឯងប្រោះឈាមសត្វនោះ នៅលើអាសនាវិញ ហើយដុតខ្លាញ់ជាដង្វាយដុត សំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា