27 ដូច្នេះ ដង្វាយដែលឯងថ្វាយដោយលើកចុះឡើងនោះ នឹងបានរាប់ទុកដូចជាស្រូវ ដែលទើបនឹងបញ្ជាន់នៅទីលាន ហើយដូចជាទឹកទំពាំងបាយជូរ ដែលទើបនឹងគាបដែរ
28 យ៉ាងនោះឯងរាល់គ្នាក៏នឹងបានថ្វាយដង្វាយលើកចុះឡើងដល់ព្រះយេហូវ៉ា ពីដង្វាយ១ភាគក្នុង១០ ដែលឯងទទួលពីពួកកូនចៅអ៊ីស្រាអែលដែរ ត្រូវឲ្យប្រគល់ដង្វាយលើកចុះឡើងផងព្រះយេហូវ៉ានោះ ដល់អើរ៉ុនដ៏ជាសង្ឃ
29 ឯអស់ទាំងដង្វាយដែលឯងរាល់គ្នាទទួលនោះ ត្រូវឲ្យរើសយកចំណែកល្អបំផុត សំរាប់នឹងថ្វាយជាដង្វាយទាំងប៉ុន្មានរបស់ផងព្រះយេហូវ៉ា គឺជាចំណែកដែលបរិសុទ្ធក្នុងដង្វាយទាំងនោះ
30 ដូច្នេះ ត្រូវឲ្យឯងប្រាប់គេថា បើកាលណាឯងរាល់គ្នារើសយកចំណែកល្អបំផុត ពីដង្វាយទាំងនោះ ទៅថ្វាយជាដង្វាយលើកចុះឡើង នោះនឹងបានរាប់ទុកដូចជាផលចំរើន ដែលបញ្ជាន់នៅទីលាន ហើយដូចជាផលចំរើន ដែលគាបក្នុងឃ្នាបដល់ពួកលេវី
31 ឯងរាល់គ្នា ព្រមទាំងគ្រួសាររបស់ឯងផង នឹងបរិភោគរបស់ទាំងនោះ នៅកន្លែងណាក៏បាន ដ្បិតជាកំរៃនៃការងារដែលឯងធ្វើក្នុងត្រសាលជំនុំ
32 ដូច្នេះ កាលណាឯងរាល់គ្នាបានថ្វាយចំណែកល្អបំផុត ជាដង្វាយលើកចុះឡើងហើយ នោះមិនមានទោសដោយព្រោះរបស់ទាំងនោះទេ តែមិនត្រូវបង្អាប់ដល់ដង្វាយបរិសុទ្ធរបស់ពួកកូនចៅអ៊ីស្រាអែលឡើយ យ៉ាងនោះឯងរាល់គ្នាមិនត្រូវស្លាប់ទេ។