ជនគណនា 18:6-12 KHOV

6 ឯ​អញ មើល អញ​បាន​ទទួល​យក​ពួក​លេវី ជា​បង​ប្អូន​ឯង ពី​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដែល​គេ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ហើយ​បាន​ប្រគល់​ដល់​ឯង សំរាប់​ធ្វើ​ការ‌ងារ​ក្នុង​ត្រសាល​ជំនុំ

7 ត្រូវ​ឲ្យ​ឯង និង​កូន​ចៅ​ឯង រក្សា​ការ‌ងារ​ជា​សង្ឃ​របស់​ឯង សំរាប់​ការ​ទាំង​អស់​ខាង​ឯ​អាស‌នា ហើយ​ខាង​ក្នុង​វាំង‌នន​ផង គឺ​ឯង​រាល់​គ្នា ដែល​ត្រូវ​ធ្វើ​ការ‌ងារ​នោះ អញ​ឲ្យ​ការ‌ងារ​ជា​សង្ឃ​ដល់​ឯង​រាល់​គ្នា ទុក​ជា​អំណោយ បើ​អ្នក​ដទៃ​ណា​ដែល​ចូល​ទៅ​ជិត នោះ​នឹង​ត្រូវ​ស្លាប់។

8 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​អើរ៉ុន​ថា ឯ​អញ មើល អញ​បាន​ប្រគល់​អស់​ទាំង​ដង្វាយ ដែល​ថ្វាយ​ដោយ​លើក​ចុះ​ឡើង ក្នុង​ដង្វាយ​ទាំង​ប៉ុន្មាន​របស់​ពួក​កូន‌ចៅ​អ៊ីស្រា‌អែល​ទុក​នឹង​ឯង អញ​បាន​ឲ្យ​ដង្វាយ​ទាំង​នោះ​ចំពោះ​ឯង និង​ពួក​កូន​ចៅ​ឯង ទុក​ជា​កំរៃ​នៅ​អស់​កល្ប‌ជានិច្ច ដោយ​ព្រោះ​ការ​ចាក់​ប្រេង​តាំង​ជា​សង្ឃ

9 ក្នុង​ដង្វាយ​បរិសុទ្ធ​បំផុត​ទាំង​ប៉ុន្មាន ដែល​មិន​ត្រូវ​ដុត នោះ​របស់​ទាំង​នេះ​ត្រូវ​បាន​ជា​របស់​ផង​ឯង គឺ​គ្រប់​ទាំង​ដង្វាយ​របស់​គេ ទោះ​បើ​ជា​ដង្វាយ​ម្សៅ ឬ​ដង្វាយ​លោះ​បាប ឬ​ដង្វាយ​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង​ក្តី ដែល​គេ​នឹង​ថ្វាយ​ដល់​អញ នោះ​ជា​បរិសុទ្ធ​បំផុត​សំរាប់​ឯង ហើយ​នឹង​កូន​ចៅ​ឯង

10 ត្រូវ​ឲ្យ​ឯង​បរិភោគ​របស់​ទាំង​នោះ នៅ​កន្លែង​បរិសុទ្ធ​បំផុត គ្រប់​ទាំង​ប្រុសៗ ត្រូវ​បរិភោគ​ចុះ គឺ​ជា​របស់​បរិសុទ្ធ​ដល់​ឯង

11 ហើយ​នេះ​ជា​របស់​ផង​ឯង​ដែរ គឺ​អស់​ទាំង​ដង្វាយ​លើក​ចុះ​ឡើង និង​ដង្វាយ​គ្រវី​របស់​ផង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល អញ​ឲ្យ​របស់​ទាំង​នោះ​ដល់​ឯង និង​កូន​ប្រុស​កូន​ស្រី​ឯង​ផង ទុក​ជា​កំរៃ​នៅ​អស់‌កល្ប‌ជានិច្ច អស់​អ្នក​ណា​ដែល​ស្អាត​នៅ​ក្នុង​ផ្ទះ​ឯង នោះ​នឹង​បរិភោគ​របស់​ទាំង​នោះ​បាន

12 ហើយ​ប្រេង​ល្អ​បំផុត​ទាំង​អស់ និង​ស្រា​ទំពាំង‌បាយ‌ជូរ​ល្អ​បំផុត​ទាំង​អស់ ព្រម​ទាំង​ស្រូវ​ផង គឺ​ជា​ផល​ដំបូង ដែល​គេ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា នោះ​អញ​ឲ្យ​មក​ឯង​ទាំង​អស់​ហើយ