5 រួចត្រូវឲ្យគេដុតគោនោះនៅមុខលោក ទាំងស្បែក ទាំងសាច់ ទាំងឈាម និងលាមកផង
6 ត្រូវឲ្យសង្ឃយកឈើតាត្រៅ មែកហ៊ីសុប និងសំពត់ពណ៌ក្រហម បោះទៅក្នុងភ្លើងដែលកំពុងបញ្ឆេះគោនោះ
7 រួចត្រូវឲ្យសង្ឃបោកសំលៀកបំពាក់ខ្លួន ហើយងូតទឹកចេញ ក្រោយមកទើបនឹងចូលទៅក្នុងទីដំឡើងត្រសាលវិញបាន តែនឹងនៅជាមិនស្អាតរហូតដល់ល្ងាច
8 ឯអ្នកដែលបានដុតគោនោះ ត្រូវបោកសំលៀកបំពាក់ខ្លួន ហើយងូតទឹកចេញ រួចនៅជាមិនស្អាតរហូតដល់ល្ងាចដែរ
9 នោះត្រូវឲ្យម្នាក់ដែលស្អាត ចេញទៅកើបផេះគោនោះ យកទៅដាក់ទុកនៅកន្លែងស្អាត ខាងក្រៅទីដំឡើងត្រសាល ផេះនោះត្រូវទុកសំរាប់ពួកកូនចៅអ៊ីស្រាអែល ដើម្បីនឹងធ្វើជាទឹកញែកជាស្អាត នេះគឺជាដង្វាយលោះបាប
10 ឯអ្នកដែលបានកើបផេះគោនោះ ត្រូវឲ្យបោកសំលៀកបំពាក់ខ្លួន ហើយនៅជាមិនស្អាតរហូតដល់ល្ងាច នេះហើយជាច្បាប់នេះអស់កល្បជានិច្ច សំរាប់ពួកកូនចៅអ៊ីស្រាអែល និងពួកអ្នកប្រទេសក្រៅ ដែលនៅជាមួយនឹងគេដែរ។
11 បើអ្នកណាពាល់ខ្មោចរបស់មនុស្សណាដែលស្លាប់ នោះត្រូវរាប់ជាមិនស្អាតអស់៧ថ្ងៃ