ជនគណនា 19:8-14 KHOV

8 ឯ​អ្នក​ដែល​បាន​ដុត​គោ​នោះ ត្រូវ​បោក​សំលៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ រួច​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច​ដែរ

9 នោះ​ត្រូវ​ឲ្យ​ម្នាក់​ដែល​ស្អាត ចេញ​ទៅ​កើប​ផេះ​គោ​នោះ យក​ទៅ​ដាក់​ទុក​នៅ​កន្លែង​ស្អាត ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល ផេះ​នោះ​ត្រូវ​ទុក​សំរាប់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដើម្បី​នឹង​ធ្វើ​ជា​ទឹក​ញែក​ជា​ស្អាត នេះ​គឺ​ជា​ដង្វាយ​លោះ​បាប

10 ឯ​អ្នក​ដែល​បាន​កើប​ផេះ​គោ​នោះ ត្រូវ​ឲ្យ​បោក​សំលៀក‌បំពាក់​ខ្លួន ហើយ​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច នេះ​ហើយ​ជា​ច្បាប់​នេះ​អស់​កល្ប‌ជានិច្ច សំរាប់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល និង​ពួក​អ្នក​ប្រទេស​ក្រៅ ដែល​នៅ​ជា​មួយ​នឹង​គេ​ដែរ។

11 បើ​អ្នក​ណា​ពាល់​ខ្មោច​របស់​មនុស្ស​ណា​ដែល​ស្លាប់ នោះ​ត្រូវ​រាប់​ជា​មិន​ស្អាត​អស់​៧​ថ្ងៃ

12 ត្រូវ​ឲ្យ​អ្នក​នោះ​យក​ទឹក​នេះ​មក​សំអាត​ខ្លួន​នៅ​ថ្ងៃ​ទី​៣ រួច​ដល់​ថ្ងៃ​ទី​៧ ទើប​នឹង​បាន​ស្អាត តែ​បើ​មិន​បាន​សំអាត​នៅ​ថ្ងៃ​ទី​៣​ទេ នោះ​ដល់​ថ្ងៃ​ទី​៧​មិន​បាន​រាប់​ជា​ស្អាត​ដែរ

13 ឯ​អ្នក​ណា​ដែល​ពាល់​ខ្មោច​របស់​មនុស្ស​ស្លាប់ ហើយ​មិន​សំអាត​ខ្លួន​ចេញ នោះ​ឈ្មោះ​ថា​ធ្វើ​បង្អាប់​ដល់​រោង​ឧបោសថ​ផង​ព្រះ‌យេហូវ៉ា អ្នក​នោះ​ឯង​នឹង​ត្រូវ​កាត់‌កាល់​ពី​សាសន៍​អ៊ីស្រា‌អែល​ចេញ ពី​ព្រោះ​ទឹក​ដែល​ញែក​ជា​ស្អាត​មិន​បាន​ប្រោះ​ទៅ​លើ​ខ្លួន​ឡើយ អ្នក​នោះ​មិន​ស្អាត​ទេ ដ្បិត​សេចក្ដី​សៅ‌ហ្មង​របស់​អ្នក​នោះ​នៅ​ជាប់​នឹង​ខ្លួន​នៅ​ឡើយ។

14 បើ​កាល​ណា​មនុស្ស​ម្នាក់​ស្លាប់ នៅ​ក្នុង​ត្រសាល នោះ​មាន​ច្បាប់​ដូច្នេះ គឺ​អស់​អ្នក​ណា ដែល​ចូល​ទៅ​ក្នុង​ត្រសាល​នោះ និង​អស់​ដែល​អាស្រ័យ​នៅ​ក្នុង​ត្រសាល​នោះ ត្រូវ​រាប់​ជា​មិន​ស្អាត​អស់​៧​ថ្ងៃ