2 កន្លែងនោះគ្មានទឹកឲ្យពួកជំនុំផឹកសោះ ដូច្នេះគេក៏មូលគ្នាមកទាស់នឹងម៉ូសេ ហើយនឹងអើរ៉ុន
3 គេរករឿងឈ្លោះនឹងម៉ូសេថា ស៊ូឲ្យយើងរាល់គ្នាបានស្លាប់ ក្នុងកាលដែលបងប្អូនយើងស្លាប់ នៅចំពោះព្រះយេហូវ៉ានោះចុះ
4 ហេតុអ្វីបានជាលោកនាំពួកជំនុំផងព្រះយេហូវ៉ាមកក្នុងទីរហោស្ថាន ឲ្យយើងត្រូវស្លាប់នៅទីនេះ ព្រមទាំងហ្វូងសត្វរបស់យើងផងដូច្នេះ
5 ម្តេចក៏លោកបាននាំយើងរាល់គ្នាចេញពីស្រុកអេស៊ីព្ទមក ក្នុងទីហិនហោចនេះធ្វើអី ទីនេះមិនមែនជាកន្លែង ដែលនឹងសាបព្រោះទៅបាន ឬដែលមានល្វា មានទំពាំងបាយជូរ ឬទទឹមទេ សូម្បីតែទឹកផឹកក៏គ្មានផង
6 ឯម៉ូសេ និងអើរ៉ុន ក៏ចេញពីពួកជំនុំទៅឯមាត់ទ្វារត្រសាលជំនុំ ទំលាក់ខ្លួនក្រាបផ្កាប់មុខចុះ នោះសិរីល្អនៃព្រះយេហូវ៉ាលេចមកឲ្យឃើញ
7 ហើយទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
8 ចូរយកដំបងរបស់ឯង ហើយប្រជុំពួកជំនុំទៅ គឺឯង និងអើរ៉ុនជាបងឯងផង រួចបង្គាប់ដល់ថ្មដានៅមុខគេ ឲ្យមានទឹកចេញមកចុះ នោះឯងនឹងបាននាំទឹក ឲ្យចេញពីថ្មមកឲ្យគេហើយ ដូច្នេះ ឯងនឹងឲ្យពួកជំនុំ ព្រមទាំងហ្វូងសត្វគេផឹកបាន