17 រួចពួកអ៊ីស្រាអែលគេក៏ច្រៀងទំនុកនេះថា «ឲ្យផុសឡើង អណ្តូងអើយ ចូរច្រៀងសរសើរអណ្តូងនេះចុះ
18 ជាអណ្តូងដែលពួកចៅហ្វាយបានជីក ហើយពួកអ្នកមានត្រកូលខ្ពស់បានជីកនឹងជ្រនីកគេ តាមច្បាប់បញ្ញត្ត» រួចពីទីរហោស្ថាននោះ គេក៏មកដល់ម៉ាថាណា
19 ពីម៉ាថាណាទៅដល់ណាហាលាល ពីណាហាលាលទៅដល់បាម៉ូត
20 ហើយពីបាម៉ូត ដែលនៅក្នុងច្រកភ្នំនៅស្រុកម៉ូអាប់ ក៏ទៅដល់កំពូលភ្នំពីសកា ដែលបែរទៅខាងទីរហោស្ថាន។
21 នោះសាសន៍អ៊ីស្រាអែលគេចាត់សារទៅឯស៊ីហុនជាស្តេចសាសន៍អាម៉ូរីថា
22 សូមឲ្យយើងខ្ញុំដើរកាត់ស្រុកទ្រង់ផង យើងខ្ញុំនឹងមិនងាកបែរទៅក្នុងស្រែ ឬចំការទេ ក៏មិនផឹកទឹកអណ្តូងដែរ យើងខ្ញុំនឹងដើរតាមតែថ្នល់ធំរបស់ស្តេចប៉ុណ្ណោះ រហូតដល់បានហួសផុតពីដែនស្រុកទ្រង់ទៅ
23 តែស៊ីហុនមិនព្រមឲ្យសាសន៍អ៊ីស្រាអែលដើរកាត់ព្រំស្រុកទ្រង់ទេ គឺទ្រង់បានប្រមូលពួកជនទាំងអស់ ចេញទៅឯទីរហោស្ថានទាស់នឹងពួកអ៊ីស្រាអែលវិញ ក៏ច្បាំងវាយពួកអ៊ីស្រាអែលនៅត្រង់យ៉ាហាស់