ជនគណនា 21:3-9 KHOV

3 ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ស្តាប់​តាម​ពាក្យ​របស់​ពួក​អ៊ីស្រា‌អែល ហើយ​ប្រគល់​ពួក​សាសន៍​កាណាន​នោះ​មក រួច​ពួក​អ៊ីស្រា‌អែល​ក៏​បំផ្លាញ​គេ និង​ទី​ក្រុង​គេ​ទាំង​អស់​ទៅ គេ​ហៅ​ទី​នោះ​ថា ហោម៉ា។

4 រួច​គេ​ធ្វើ​ដំណើរ​ពី​ភ្នំ​ហោរ​ដើរ​ទៅ តាម​ផ្លូវ​សមុទ្រ​ក្រហម ដើម្បី​នឹង​វាង​ព័ទ្ធ​ស្រុក​អេដំម តែ​បណ្តា‌ជន​មាន​ចិត្ត​រវាត ដោយ​ព្រោះ​ផ្លូវ​នោះ

5 ក៏​និយាយ​ទាស់​នឹង​ព្រះ ហើយ​ទាស់​នឹង​ម៉ូសេ​ថា ម្តេច​ក៏​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ឲ្យ​ត្រូវ​ស្លាប់​នៅ​ក្នុង​ទី​រហោ‌ស្ថាន​ដូច្នេះ ដ្បិត​គ្មាន​អាហារ គ្មាន​ទឹក​សោះ ហើយ​យើង​ទ្រាន់‌ណាយ​នឹង​នំ​គំរក់​នេះ​ពេក​ណាស់

6 នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ចាត់​ពស់​ភ្លើង​មក​កណ្តាល​ពួក​ជន ពស់​ទាំង​នោះ​ក៏​ចឹក​គេ ហើយ​មាន​មនុស្ស​ស្លាប់​ជា​ច្រើន

7 បណ្តា‌ជន​ទាំង‌ឡាយ​ក៏​មក​ឯ​ម៉ូសេ ជំរាប​ថា យើង​រាល់​គ្នា​បាន​ធ្វើ​បាប​ហើយ ដ្បិត​បាន​និយាយ​ទាស់​នឹង​ព្រះ‌យេហូវ៉ា ហើយ​ទាស់​នឹង​លោក​ដែរ ដូច្នេះ សូម​លោក​អធិ‌ស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ផង សូម​ទ្រង់​បន្ថយ​ពស់​ទាំង​នេះ​ចេញ​ពី​យើង​រាល់​គ្នា​ទៅ នោះ​ម៉ូសេ​ក៏​អធិ‌ស្ឋាន​ឲ្យ​គេ

8 ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ម៉ូសេ​ថា ចូរ​ធ្វើ​ពស់​ភ្លើង​១ ភ្ជាប់​នៅ​លើ​បង្គោល​ទៅ ដើម្បី​កាល​ណា​អស់​អ្នក​ដែល​ត្រូវ​ពស់​ចឹក គេ​ក្រឡេក​មើល​ទៅ​ឃើញ នោះ​នឹង​បាន​រស់​នៅ

9 ម៉ូសេ​ក៏​ធ្វើ​រូប​ពស់​១​ពី​លង្ហិន ដាក់​ភ្ជាប់​នៅ​លើ​បង្គោល​នោះ ដូច្នេះ កាល​ណា​មាន​ពស់​ចឹក​មនុស្ស​ណា បើ​អ្នក​នោះ​គ្រាន់​តែ​ក្រឡេក​មើល​ទៅ​រូប​ពស់​លង្ហិន​នោះ ក៏​បាន​រស់​វិញ។