31 ដូច្នេះពួកអ៊ីស្រាអែលបាននៅក្នុងស្រុករបស់សាសន៍អាម៉ូរីនោះ
32 រួចម៉ូសេចាត់គេទៅសង្កេតមើលឯក្រុងយ៉ាស៊ើ គេក៏ចាប់យកអស់ទាំងតំបន់នៅជុំវិញ ព្រមទាំងបណ្តេញសាសន៍អាម៉ូរី ដែលនៅស្រុកនោះ ឲ្យចេញទៅផង។
33 រួចគេបែរឡើងទៅតាមផ្លូវស្រុកបាសានវិញ នោះអុកជាស្តេចស្រុកបាសាន ព្រមទាំងពួកជនរបស់ទ្រង់ក៏លើកគ្នាចេញមកទាស់នឹងគេ ហើយច្បាំងគ្នានៅត្រង់អេទ្រី
34 នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា កុំឲ្យខ្លាចគេឡើយ ដ្បិតអញបានប្រគល់ស្តេចនេះមកក្នុងកណ្តាប់ដៃឯងហើយ ព្រមទាំងរាស្ត្រ និងស្រុករបស់ទ្រង់ផង ត្រូវឲ្យឯងធ្វើដល់គេ ដូចជាឯងបានធ្វើដល់ស៊ីហុន ជាស្តេចសាសន៍អាម៉ូរី ដែលនៅហែសបូននោះដែរ
35 ដូច្នេះ គេក៏វាយស្តេចនោះ ព្រមទាំងកូនចៅ និងសាស្ត្រទ្រង់ផង ទាល់តែគ្មានសល់១ឡើយ ហើយគេចាប់យកស្រុករបស់ទ្រង់ដែរ។